30 C
Phnom Penh
Saturday, July 27, 2024

ប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi សង្ស័យថាស្លាប់ក្នុងពេលរកឃើញបំណែកឧទ្ធម្ភាគចក្រ

មន្ត្រីអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី20 ខែឧសភានេះថា ក្តីសង្ឃឹមកំពុងរលត់ទៅ ដោយប្រធានាធិបតីអ៊ុរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសសង្ស័យថាស្លាប់ ពីការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំ និងអាកាសធាតុទឹកកក បន្ទាប់ពីក្រុមរុករកបានរកឃើញបំណែកយន្តហោះនោះ។ ឧទ្ធម្ភាគ ចក្ររបស់លោកប្រធានាធិបតី Raisi ត្រូវបានឆេះទាំងស្រុងនៅក្នុងការធ្លាក់ ជាអកុសល អ្នកដំណើរទាំងអស់ត្រូវបានគេសង្ស័យថាបានស្លាប់។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយថា គ្មានសញ្ញានៃជីវិតក្នុងចំណោមអ្នកដំណើរនោះទេ។ ទូរទស្សន៍ រដ្ឋ បានរាយការណ៍ថា “នៅពេលរកឃើញឧទ្ធមុភាគចក្រនោះ ពុំមានសញ្ញាណាមួយនៃអ្នកដំណើរតាមឧទ្ធម្ភាគចក្រនៅមានជីវិតនៅឡើយ”។ ក្រុម ជួយសង្គ្រោះបានប្រយុទ្ធជាមួយខ្យល់ព្យុះ និង ស្ថានភាពលំបាកពេញមួយយប់ ដើម្បីទៅដល់កន្លែងធ្លាក់យន្តហោះនៅខេត្ត East Azerbaijanនៅព្រឹកព្រលឹមថ្ងៃចន្ទ។ ប្រមុខអឌ្ឍចន្ទក្រហមអ៊ីរ៉ង់
លោក Pirhossein Kolivand បានប្រាប់ទូរទស្សន៍រដ្ឋថា «យើងអាចមើលឃើញបំណែកយន្តហោះ ហើយស្ថានភាពមិនល្អទេ»។ លោកRaisi ដែលមានអាយុ 63 ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ2021 ហើយចាប់តាំងពីការឡើងកាន់តំណែងបានបញ្ជាឱ្យរឹតបន្ដឹងច្បាប់សីលធម៌ ត្រួតពិនិត្យការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាប្រឆាំងរដ្ឋាភិបាល និងបានជំរុញយ៉ាងខ្លាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក។ ទីភ្នាក់ងារព័ត៌មាន Anadolu បាននិយាយនៅមុននេះបន្តិចថា យន្តហោះដ្រូនទួរគីបានកំណត់អត្តសញ្ញាណប្រភពនៃកំដៅ ដែលគេសង្ស័យថា ជាបំណែកនៃឧទ្ធម្ភាគចក្រ ហើយបានចែករំលែកទីតាំងធ្លាក់ជាមួយអាជ្ញាធរអីរ៉ង់។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា លោក Raisi កំពុងហោះហើរនៅក្នុងឧទ្ធម្ភាគចក្រ Bell212 ដែលផលិតដោយអាមេរិក។ នាយសេនាធិការនៃកងទ័ពអ៊ីរ៉ង់បានបញ្ជាឱ្យកងទ័ព និងកងឆ្នាំបដិវត្តន៍ធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ មុននេះ ទូរទស្សន៍ជាតិបានបញ្ឈប់រាល់កម្មវិធី ដើម្បីបង្ហាញពីការអធិស្ឋានសម្រាប់លោក Raisi នៅទូទាំងប្រទេស។ តំបន់នោះមានអាកាសធាតុត្រជាក់ខ្លាំង ភ្លៀង និងអ័ព្ទ។ ភ្លៀងធ្លាក់បន្តិចម្តងៗទៅជាព្រិល។ ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភ និងផ្តល់ជំនួយក្នុងការជួយសង្គ្រោះ។ សេតវិមានបាននិយាយថាប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលព័ត៌មានសង្ខេបអំពីរបាយការណ៍អំពីការធ្លាក់យន្តហោះនេះ។ ប្រទេសចិនបាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង។ សហភាពអឺរ៉ុបបានផ្តល់បច្ចេកវិទ្យាផែនទីផ្កាយរណបសង្គ្រោះបន្ទាន់។ ការធ្លាក់យន្តហោះនេះកើតឡើង ចំពេលដែលមានការមិនពេញចិត្តកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img