30 C
Phnom Penh
Monday, December 2, 2024

ប្រធានាធិបតីអ៊ីរ៉ង់ថ្មីអំពាវនាវ ឱ្យដកទណ្ឌកម្មនៅក្នុងពិធីស្បថចូលកាន់តំណែង

ប្រធានាធិបតីអ៊ីរ៉ង់ថ្មីលោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានស្បថចូលកាន់តំណែងនៅមុខសភា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមមេដឹកនាំបព្វជិតក្នុងប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិដែលកំពុងកើនឡើងទាំងក្នុងនិងក្រៅប្រទេស។

ក្នុងអំឡុងការថ្លែងសុន្ទរកថាទៅកាន់សភា និងឥស្សរជនបរទេសនៅថ្ងៃស្បថចូលកាន់តំណែង, លោក រ៉ៃស៊ី (Raisi) បានអំពាវនាវឱ្យដកទណ្ឌកម្មដោយបន្ថែមថា “ការជ្រៀតជ្រែកពីសត្រូវក្នុងតំបន់” នឹងមិនអាចដោះស្រាយបញ្ហារបស់អ៊ីរ៉ង់បានទេ។

លោក រ៉ៃស៊ី (Raisi) ដែលស្ថិតក្រោមការដាក់ទណ្ឌកម្មពីអាមេរិកជុំវិញការចោទប្រកាន់ ពីការរំលោភបំពានសិទ្ធិមនុស្សនៅពេលដែលលោកជាចៅក្រមនោះ បានប្តេជ្ញាចាត់វិធានការនានា ដើម្បីដកទណ្ឌកម្មដែលបានកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់និងកាត់ផ្តាច់អ៊ីរ៉ង់ពីប្រព័ន្ធធនាគារអន្តរជាតិ។

លោក រ៉ៃស៊ី (Raisi) បាននិយាយថា លោកនឹងគាំទ្រ “រាល់ផែនការការទូតទាំងអស់” ដើម្បីដកទណ្ឌកម្ម។

បព្វជិតនិកាយស៊ីអ៊ីតរូបនេះបានចាប់ផ្តើមចូលកាន់តំណែងជាប្រធានាធិបតីមានអាណត្តិ៤ឆ្នាំជាផ្លូវការ កាលពីថ្ងៃអង្គារ បន្ទាប់ពីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតកាលពីខែមិថុនា នៅពេលដែលគូប្រជែងលេចធ្លោបំផុតត្រូវបានរារាំងមិនឱ្យឈរឈ្មោះ។

ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចាប់ផ្តើមដាក់ទណ្ឌកម្មសាជាថ្មីទៅលើអ៊ីរ៉ង់៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img