ស្តាប់អត្ថបទជាសម្លេង
លោក បៃដិន បានបញ្ជាក់ដូចនេះនៅក្នុងសេចក្តីថ្លែងការជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីក្រុមបះបោរតាលីបង់បានវាយដណ្តើមបានការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានទាំងស្រុងមក។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ទៅកាន់ជនរួមជាតិអាមេរិក លោក បៃដិន បានថ្លែងថា លោកបានប្រឈមនឹងការត្រូវសម្រេចចិត្តរវាងកិច្ចព្រមព្រៀងដើម្បីដកកងទ័ពអាមេរិក ឬ មួយក៏ត្រូវបញ្ជូនទាហានអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅសមរភូមិរយៈពេល ១០ឆ្នាំថែមទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក បៃដិន បានបន្ថែមថា លោកនឹងមិនឱ្យមានការសម្រេចចិត្តខុសដូចកាលពីអតីតកាលទៀតទេ។
លោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា នៅពេលនេះលោកបានសម្រេចចិត្តថា នឹងមិនផ្ទេរការទទួលខុសត្រូវក្នុងការដកកងទ័ពពីប្រទេសអាហ្វហ្គានីស្ថានទៅឱ្យប្រធានាធិបតីបន្ទាប់ពីលោកទៀតនោះទេ។
ជាមួយគ្នានោះ លោក បៃដិន ក៏បានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើតឡើង «លឿនជាងការរំពឹងទុក»។
ប៉ុន្តែទោះជាយ៉ាងណា លោក បៃដិន បានសង្កត់ធ្ងន់ថា វាជាការមិនត្រឹមត្រូវទេ ដែលត្រូវឲ្យទាហានអាមេរិកនៅបន្តប្រយុទ្ធ ខណៈដែលទាហានអាហ្វហ្គានីស្ថានខ្លួនឯងមិនមានឆន្ទៈប្រយុទ្ធនោះ។
លោកបានបញ្ជាក់ថា ហេតុការណ៍វិវត្តថ្មីៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលបានបង្ហាញពីការបរាជ័យយ៉ាងឆាប់រហ័ស របស់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះ កាន់តែផ្ដល់ការគាំទ្របន្ថែមទៅដល់ការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញ។
សម្រាប់ស្ថានភាពនៅក្នុងប្រទេស អាហ្វហ្គានីស្ថាននៅពេលនេះ អាមេរិកបន្តគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិហាម៉ីដកាហ្សៃ (Harmid Karzai) ក្នុងរដ្ឋធានីកាប៊ុល ប៉ុន្តែភាពច្របូកច្របល់បានកើតឡើងនៅទីនោះ ដោយសារតែពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានសម្រុកចូលដើម្បីភៀសខ្លួនចេញពីប្រទេស៕
អត្ថបទនឹងរូបភាពដោយ Puthi news