26 C
Phnom Penh
Saturday, July 27, 2024

ប្រធានាធិបតីរុស្ស៊ីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ

ក្រសួងការបរទេសចិនបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ។ លោកPutinនឹងមកដល់រដ្ឋធានីប៉េកាំងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលមានរយៈពេល ២ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោកXi Jinping។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី១ របស់លោកPutinចាប់តាំងពីលោកត្រូវបានជាប់ឆ្នោតជាថ្មីកាលពីខែមីនាកន្លងទៅសម្រាប់អាណត្តិទី៥ របស់លោក ហើយក៏ជាដំណើរទស្សនកិច្ចលើកទី២ មកកាន់ប្រទេសចិន ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងកាលពីខែតុលា ឆ្នាំមុន ដើម្បីចូលរួមនៅក្នុងវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Xi ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការលើកកម្ពស់បណ្តាញដឹកជញ្ជូនរបស់ចិន ជាមួយប្រទេសនានាក្នុងពិភពលោក។ ប៉ុន្មានសប្តាហ៍ មុនពេលកងយោធារុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោក Xi និងលោក Putin បានចុះហេត្ថលេខាលើកិច្ចសន្យាមួយដោយប្រកាសពីចំណងមិត្តភាពទ្វេភាគី «គ្មានដែនកំណត់» រវាងប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងប៉េកាំងបានក្លាយជាដៃគូការទូត និងសេដ្ឋកិច្ចដ៏គួរឱ្យទុកចិត្តរបស់រុស្ស៊ី ខណៈប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងដល់រុស្ស៊ី ដែលបានចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img