30 C
Phnom Penh
Saturday, July 27, 2024

ប្រធានស្នាក់ការ អមត ខេត្តកោះកុង ចូលរួមរំលែកទុក្ខ ខួប៧ថ្ងៃរបស់នាយទាហាន នាយទាហានរង ដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់

កោះកុង៖ថ្ងៃនេះជាថ្ងៃ ខួប៧ថ្ងៃរបស់នាយទាហាន នាយទាហានរង ដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់ បានជួបឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដោយបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព។

នៅថ្ងៃទី០២ ឧសភា ២០២៤ លោក ហាក់ ឡេង អភិបាលរងខេត្តនិងជាប្រធាន ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្រធានសមាគម អ.ម.ត  បាននាំយកបច្ច័យចំនួន ៤, ២១៥ ,០០០រៀល និងអង្គរ១៥បាវ ទៅប្រគល់ជូនលោកមេបញ្ជាការតំបន់ប្រតិបត្តសឹកកោះកុង ដើម្បីបន្តប្រគល់ជូនក្រុមគ្រួសារដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មគ្មានថ្ងៃវិលត្រលប់វិញ ។

ប្រធាន,អនុប្រធាន និងសមាជិកក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង ទាំងអស់ បានបង្ហាញក្តីសោកស្តាយ និងអាឡោះអាល័យ ជាពន់ពេក នូវស្មារតីវីរៈភាពដ៏អង្គអាច ក្លាហាន របស់យោធិនចំនួន១៥នាក់នៃទីបញ្ជាការតំបន់ប្រតិបត្តសឹកកោះកុង បានពលីជីវិត ដើម្បីជាតិ មាតុភូមិ ។

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងកក់ក្តៅ និងសម្តែងការអរគុណ នូវទឹកចិត្តសម្បុរសធម៌ ដែលបានចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ក្នុងថ្ងៃនេះ។

ចំពោះមុខក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ នាពេលនេះ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានសម្តែងការសោកស្តាយ ដោយក្នុងមួយរយៈកាលខ្លីនេះ មានបណ្តាញផ្សព្វផ្សាយមួយចំនួន បានកំពុងបំភ្លៃព័ត៌មាន រុញសភាពការណ៍បច្ចុប្បន្ន ឲ្យធ្លាក់ក្នុងភូមិសាស្ត្រនយោបាយជ្រល់និយម។

ពាក់ព័ន្ធនិងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទៅ២៧ ខែមេសា ឆ្នាំ២០២៤ នៅ ទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស។

ជាមួយគ្នានេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស់ព័ត៌មាន ដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបានជ្រាបថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួង ការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើស ឡើយ។

បន្ថែមលើនេះ ក្រសួងការពារជាតិ សូមស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬ មានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវចំពោះមុខច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img