30 C
Phnom Penh
Monday, October 7, 2024

ប្រធានសាខាខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងារឱ្យរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍

បាត់ដំបង៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំង១៤ នៃខេត្តបាត់ដំបង និងក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាខេត្តបាត់ដំបង ក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា អំពីគោលគំនិតជាមូលដ្ឋានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍យល់ដឹងពីមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងការយល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ យន្តការឆ្លើយតបគ្រោះមហន្តរាយរបស់​កាកបាទក្រហមកម្ពុជា និងការផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ ។

លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបញ្ជាក់ថា ជានិច្ចកាលទាំងសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ទាំង១៤ ក្រុង ស្រុក រួមជាមួយក្លឹបយុវជនតាមគ្រឹះស្ថានសិក្សា បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹម ក្នុងការជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម ។

លោកបានបញ្ជាក់ថា ក្នុងតួនាទីជាជំនួយការអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកដោះស្រាយសេចក្តីត្រូវការ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍ និងចូលរួមចំណែកខិតខំដោះស្រាយផលលំបាកនានានៅក្នុងសង្គមជាតិ ដែលបង្កឡើងដោយគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវរួមគ្នាទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយវីរុសកូ វីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img