ស្តាប់អត្ថបទជាសម្លេង
ខេត្តប៉ៃលិន ៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចាក់វ៉ាក់សាំងដល់កុមារ និងយុវជន ដែលមានអាយុចាប់ពី១២ និងក្រោមអាយុ១៨ឆ្នាំ នៅទូទាំងខេត្តប៉ៃលិន ដើម្បីត្រៀមឱ្យសិស្សានុសិស្ស បានចូលរៀនសារជាថ្មី នាពេលខាងមុខ ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តប៉ៃលិន លោក អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ជានខេត្តប៉ៃលិន និងជារដ្ឋលេខាធិការក្រសួង ការពារជាតិ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ ចុះពិនិត្យ រៀបចំមណ្ឌលត្រៀមផ្ទេរដាក់ពលករធ្វើចត្តាឡីស័កមកពីកន្លែងសាលារៀននីមួយៗ នៅទូទាំង ខេត្តប៉ៃលិន ។
នៅក្នុងការចុះពិនិត្យ និងតៀបចំកន្លែងមណ្ឌលត្រៀមធ្វើចត្តាឡីស័កថ្មី ស្ថិតនៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក អ៊ី ឈាន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់ចំពោះ ពលករដែលធ្វើដំណើរមកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយនឹងអ្នកកើតជំងឺកូវីដ ១៩ ដោយត្រូវយកពួកគាត់ដាក់ឱ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ដើម្បីកុំឱ្យជំងឺនេះ បន្តឆ្លងរាលដាលចូលទៅក្នុងសហគមន៍ ។ប៉ុន្តែនៅពេលនេះ ដោយសារពលករ និងប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសាលារៀន ខណ:ពេលដែលសិស្សានុសិស្សត្រូវបានផ្អាកការរៀនសូត្រអស់រយ:ពេលជាច្រើនខែ ។ ក្រោយពីការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នានៅទូទាំងខេត្ត ហើយត្រូវឱ្យពួកគាត់ចូលរៀនឡើងវិញ ទើបរដ្ឋបាលខេត្ត ចាត់ឱ្យមន្រ្តីក្រោមឱវាទចុះរៀបចំមណ្ឌលចត្តាឡីស័កថ្មី សម្រាប់ផ្ទេរពួកគាត់ទាំងនោះ យកសាលារៀនឱ្យសិស្សចូលរៀនសារជាថ្មីឡើងវិញ ។
សូមបញ្ជាក់ថា ៖ ចំពោះសាលារៀនដែលយកមកធ្វើកន្លែងចត្តាឡីស័ក មានចំនួន៤កន្លែង ដោយត្រៀមបន្ថែមចំនួន២កន្លែង សម្រាប់ផ្ទេរពីសាលារៀននីមួយៗ ដើម្បីទុកឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ គឺ
ទី១. វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
ទី២. វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
ទី៣. សាលាបឋមសិក្សាភ្នំកុយ
ទី៤. អនុវិទ្យាល័យសន្តិភាព ៕
អត្ថបទ និងរូបភាពដោយ Puthinews