26 C
Phnom Penh
Saturday, July 27, 2024

ប្រទេសស៊ីលីចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឲ្យពលរដ្ឋ

ស្តាប់អត្ថបទជាសម្លេង

ប្រទេសស៊ីលី កាលពីថ្ងៃពុធ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣ ទៅឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac)រួចហើយ ក្នុងគោលបំណងរក្សាភាពជោគជ័យរបស់ខ្លួនជាប្រទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនជាងគេបំផុតមួយនៅលើពិភពលោកបើធៀបនឹងចំនួនពលរដ្ឋ។

ពលរដ្ឋវ័យចំណាស់ដែលមានឆន្ទៈចូលរួមក្នុងយុទ្ធនាការនេះ បានចាប់ផ្តើមឈរតម្រង់ជួរនៅតាមមណ្ឌលចាក់វ៉ាក់សាំងនៅតាមសង្កាត់នានាទូទាំងរដ្ឋធានីសាន់ត្យាហ្គោ (Santiago)តាំងពីព្រឹកព្រហាម។

ជាង ៦៧%នៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេសស៊ីលីបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញហើយដោយភាគច្រើនបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac)។

ប៉ុន្តែអាជ្ញាធរ កាលពីសប្តាហ៍មុន បាននិយាយថា ការសិក្សាបានបង្ហាញថាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣ គឺចាំបាច់ណាស់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។

ស៊ីលីជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចរួមមានអាមេរិក, អាល្លឺម៉ង់, បារាំង និងអ៊ីស្រាអែល ដែលផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣
បើទោះបីជាអង្គការសុខភាពពិភពលោកបានស្នើសុំឱ្យផ្អាកសិន ដោយត្រូវរង់ចាំរហូតដល់មនុស្សកាន់តែច្រើនថែមទៀតនៅជុំវិញពិភពលោកអាចទទួលបានការចាក់វ៉ាក់សាំងដូសដំបូងជាមុនសិន។

យោងតាមអង្គការសុខភាពពិភពលោក ឥឡូវនេះមិនទាន់មានទិន្នន័យគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាព ឬដូសទី៣ នោះទេ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ មក ប្រទេសស៊ីលីមានអ្នកឆ្លងជាង ១លាន៦២ម៉ឺននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង ៣ម៉ឺន៦ពាន់នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img