30 C
Phnom Penh
Tuesday, December 10, 2024

ប្រទេសនេប៉ាល់កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅទូទាំងប្រទេសចំពេលមានរលកកំដៅខ្លាំង

ក្រុមអ្នកពន្លត់អគ្គីភ័យនិងអ្នកស្រុកបានប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំមួយនៅជាយរដ្ឋធានីនៃប្រទេសនេប៉ាល់កាលពីថ្ងៃទី2ខែឧសភា ខណៈសាធារណរដ្ឋហិម៉ាឡៃយ៉ាមួយនេះកំពុងស៊ូទ្រាំនឹងភ្លើងឆេះធ្ងន់ធ្ងរដែលអាជ្ញាធរបានស្តីបន្ទោសលើរលកកំដៅ។ប្រទេសនេប៉ាល់មានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំដែលជាធម្មតាចាប់ផ្តើមនៅខែមីនាប៉ុន្តែចំនួន និងអាំងតង់ស៊ីតេរបស់ភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យរដូវរងាកាន់តែស្ងួត។ក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងដែលបានឆាបឆេះតំបន់ព្រៃនៅLalitpurនៅបរិវេណភាគខាងត្បូនៃជ្រលងភ្នំ Kathmandu ។ ភ្លើងឆេះព្រៃជាង4,500កន្លែងត្រូវបានរាយការណ៍នៅឆ្នាំនេះនៅទូទាំងប្រទេស ដែលជិត ២ដងធៀបនឹងឆ្នាំមុន យោងតាមទិន្នន័យរបស់រដ្ឋាភិបាលប៉ុន្តែតិចជាងរដូវកាលភ្លើងដ៏អាក្រក់បំផុតក្នុងកំណត់ត្រាឆ្នាំ2021។លោកSundar Prasad Sharma នៃអាជ្ញាធរកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានប្រាប់ AFP ថា «ភ្លើងឆេះព្រៃបានកើនឡើងក្នុងសមាមាត្រ ដែលមិននឹកស្មានដល់ហើយរដូវកាលនេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលមួយខែបន្ថែមទៀត។ វាមានការលំបាកក្នុងការពន្លត់ភ្លើង ដោយសារតែស្ថានភាពដីយើងលំបាក»។អ្នកនាំពាក្យក្រសួងបរិស្ថាន លោក Badri Raj Dhungana បាននិយាយថា «ការកើនឡើងនៃចំនួនភ្លើងឆេះព្រៃនៅឆ្នាំនេះ គឺដោយសារតែភាពរាំងស្ងួត និងរលកកម្ដៅដ៏យូរនៅក្នុងតំបន់ទំនាបភាគខាងត្បូង នៃប្រទេសនេប៉ាល់។ ជាទូទៅ ភ្លើងឆេះព្រៃឡើងដល់ត្រឹមចុងខែមេសា ប៉ុន្តែឆ្នាំនេះវានៅតែបន្តកើនឡើងដោយសារតែសីតុណ្ហភាពឡើងខ្ពស់»។ ការស្រាវជ្រាវវិទ្យាសាស្ត្រ បានរកឃើញថា ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យរលកកំដៅកាន់តែយូរញឹកញាប់ និងកាន់តែខ្លាំង។ តំបន់ដ៏ធំនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានប្រែប្រួលតាមរយៈរលកកំដៅ ចាប់តាំងពីខែមុនមក ជាមួយបាតុភូត El Nino ក៏ជំរុញឱ្យមានអាកាសធាតុក្តៅខ្លាំង ក្នុងឆ្នាំនេះផងដែរ។ សីតុណ្ហភាពបានកើនឡើងលើសពី 40 អង្សាសេនៅទីក្រុងធម្មយាត្រាពុទ្ធសាសនា Lumbiniនិងផ្នែកផ្សេងទៀតនៃភាគខាងត្បូង ដោយមានការព្យាករណ៍អាកាសធាតុក្តៅបន្ថែមទៀតនៅថ្ងៃខាងមុខ។ សាលារៀនជាងមួយរយនៅទីក្រុង Butwal ភាគខាងត្បូង ត្រូវបានបិទ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល ២ថ្ងៃ ដោយសារតែការភ័យខ្លាចថា រលកកំដៅនឹងប៉ះពាល់ដល់សុខភាពរបស់សិស្ស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img