30 C
Phnom Penh
Saturday, July 27, 2024

ប្រទេសថៃ ដាក់គោលដៅទាក់ទាញទេសចរឥណ្ឌា ជំនួសការអវត្តមានភ្ញៀវជនជាតិចិន

ស្តាប់អត្ថបទជាសំឡេង

ថៃ៖ ប្រទេសថៃកំពុងសម្លឹងមើលការទាក់ទាញអ្នកទេសចរឥណ្ឌាក្នុងរដូវបុណ្យទានប្រពៃណីដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ខ្លួន ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារអវត្តមាននៃភ្ញៀវទេសចរមកពីបណ្តាប្រទេសជាច្រើន រួមទាំងចិន ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

លោកស្រី Somsong Sachaphimukh អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលត្រូវបានស្រង់សម្តីដោយកាសែងបាងកកប៉ុស្តិ៍បាននិយាយថា ឧស្សាហកម្មទេសចរណ៍រំពឹងថា ប្រជាជនឥណ្ឌានឹងបន្តដំណើរកម្សាន្តក្នុងចំនួនដ៏ច្រើននៅខែក្រោយអំឡុងពិធីបុណ្យ Diwali បែបសាសនាហិណ្ឌូ។

លោកស្រីបានបញ្ជាក់ វាគួរតែជួយជំរុញឱ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ ស្របពេលដែលការលើកលែងការដាក់ឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរដែលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។

លោកស្រីបន្តថា ប្រសិនបើប្រទេសថៃមានគម្រោងបើកប្រទេសឡើងវិញ និងមជ្ឈមណ្ឌលទេសចរណ៍ជាច្រើននៅក្នុងខែវិច្ឆិកានេះ វាគឺជាឳកាសដ៏ល្អសម្រាប់ពិធីបុណ្យ Diwali នៅឆ្នាំនេះ ខណៈអ្នកទេសចរឥណ្ឌាចំណាយច្រើន និងមានសក្តានុពលច្រើន។

ជាមួយនឹងការធ្វើដំណើរចេញក្រៅប្រទេសរបស់ជនជាតិចិនដែលមិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ ប្រទេសថៃកំពុងផ្តោតលើការទាក់ទាញអ្នកដំណើរមកពីប្រភពផ្សេងទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីគោលការបន្ធូរបន្ថយសម្រាប់ភ្ញៀវទេសចររបស់ខ្លួន។

ជនជាតិឥណ្ឌា គឺជាប្រភពភ្ញៀវធំជាងគេទី ៣ នៅប្រទេសថៃមុនពេលមានជំងឺរាតត្បាត ក្នុងគោលដៅភាគច្រើនទៅកម្សាន្តនៅតំបន់សមុទ្រ ការរៀបចំកម្មពិធីផ្សេងៗ រួមទាំង ពិធីមង្គលការ ជាដើម។

អ្នកទេសចរឥណ្ឌាអាចចំណាយប្រាក់ចន្លោះពី ២៧.០០០បាត ទៅ ៧៦.០០០បាត ក្នុងកំឡុងពេលធ្វើដំណើរទៅប្រទេសថៃ ហើយពិធីមង្គលការគោលដៅនីមួយៗអាចបង្កើតប្រាក់ចំណូលពី ១០លានទៅ ១២០លានបាត សម្រាប់ឧស្សាហកម្មសណ្ឋាគារ និងសេវាកម្ម។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ជនជាតិឥណ្ឌាជិត ២លាននាក់បានមកទស្សនាប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលបង្កើតចំណូល ៨០ពាន់លានបាត ទាក់ទងនឹងវិស័យទេសចរណ៍។ ពួកគេគឺជាប្រភពធំបំផុតនៅពីក្រោយជនជាតិចិន និងម៉ាឡេស៊ីនៅឆ្នាំនោះ នៅពេលដែលប្រទេសនេះបានទទួលភ្ញៀវទេសចរជិត ៤០លាននាក់។

ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសធ្លាក់ចុះដល់ ៧៣.៩៣២នាក់ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះ ដោយសារប្រទេសនេះកំពុងធ្លាក់ចូលការឆ្លងជំងឺកូវីដ១៩ដ៏អាក្រក់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរ និងអាជីវកម្ម។

ក្រុមប្រឹក្សាទេសចរណ៍ថៃអះអាងថា ជំងឺរាតត្បាតបានបណ្តាលឱ្យបាត់បង់ការងារចំនួន ៣លាននាក់ នៅក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយការព្យាករណ៍នៃការមកដល់របស់ភ្ញៀវទេសចរមកនៅត្រឹម ២៨ម៉ឺននាក់នៅឆ្នាំនេះ ពីចំនួន ៥០ម៉ឺននាក់ ដែលបានព្យាករកាលពីមុននេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img