26 C
Phnom Penh
Saturday, July 27, 2024

ប្រជាសហគមន៍ជាង១០០គ្រួសារ ចាប់យកមុខរបរ ចិញ្ចឹមខ្យងតាដិត ខណៈ មានទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅប្រទេសថៃ

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ ប្រជាសហគមន៍មួយគ្រួសារ ក្នុងចំណោមប្រជាសហគមន៍ជាង១០០គ្រួសារ បានបង្ហាញសុទិដ្ឋិនិយមថា គ្រួសាររបស់គាត់នឹងទទួលបានប្រាក់ចំណូលច្រើនបន្ថែមទៀត បន្ទាប់ពីរូបគាត់បានចាប់យកមុខរបរថ្មីមួយ គឺការចិញ្ចឹម ខ្យងតាដិត ដែលពុំធ្លាប់មាននៅលើទឹកដី តំបន់ការពារធម្មជាតិពាមក្រសោប នៃខេត្តកោះកុង ពីមុនមកនោះទេ ហើយបច្ចុប្បន្នកំពុងទីផ្សារល្អនៅប្រទេសថៃ។

លោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផល បានអះអាងថា ការចិញ្ចឹមខ្យងតាដិតនេះ ទើបតែមានជាលើកដំបូង នៅក្នុងភូមិសាស្ត្រ តំបន់ការពារធម្មជាតិពាមក្រសោប នៃខេត្តកោះកុង ខណៈកន្លងមកប្រជាសហគមន៍ បានធ្វើឡើងដោយការសាកល្បង។

លោកបានបន្តថា ខ្យងតាដិត ជាប្រភេទអាហារសមុទ្រ មួយបែបមានរសជាតិឆ្ងាញ់ជាងប្រភេទ អយស្ទ័រ ដោយវាមានរូបរាងតូចល្មម មិនដូចអយស្ទ័រដែលមានរូបរាងធំ តែសាច់ខាងក្នុងមិនណែនល្អដូចខ្យងតាដិត។

ចំណែកលោក វិ ឆេ ដែលជាអ្នកធ្លាប់បទពិសោធន៍ លើការចិញ្ចឹមខ្យងតាដិតនេះ មកពីប្រទេសថៃ ក៏បានសម្លឹងឃើញទីផ្សារនាំចេញទៅក្រៅស្រុក គ្រាមានការនិយមគាំទ្រច្រើននៅប្រទេសថៃ លើមុខម្ហូបមួយប្រភេទដែលគេបានច្នៃចេញពីខ្យងតាដិត ហើយដែលពលរដ្ឋខ្មែរយើងនិយមហៅថា មុខម្ហូបអយស្ទ័រ។

លោកបានរៀបរាប់ពី វិធីសាស្ត្រចិញ្ចឹម ការចំណាយពេលវេលា និងដើមទុន លើមុខរបរនេះថា លោកបានសាកល្បង ដកពិសោធន៍ជាមួយមុខរបរនេះ ដោយប្រើពេលវេលា អស់ជាង០៣ឆ្នាំមកហើយ ដោយក្នុងឆ្នាំទីមួយ លោកបានក្ស័យធន តែឆ្នាំទីពីរ ទទួលផលបានស្មើដើម លុះចូលដល់ឆ្នាំទី០៣ ក្នុងឆ្នាំ២០២១នេះ លោកបានចំណាយដើមទុន ខ្ទង់៣ម៉ឺនដុល្លារក្នុងការពង្រីកសក្តានុពលលើវិស័យនេះ។ 

ចំពោះពោះមុខនេះដែរ រូបគាត់ផ្តើមមានក្តីរំពឹងយ៉ាងច្បាស់ថា ការចិញ្ចឹមរបស់គាត់វានឹងហុចផលបានច្រើនជាងពេលមុន ខណៈបទពិសោធន៍របស់គាត់ កាន់តែស្ទាត់ជំនាញ ក្នុងការរកមើលទីតាំង ដើម្បីបោះចង្កោមខ្សែភ្ជាប់បង្គោល ឱ្យកូនខ្យងនេះវាមកតោង ដូចជាគ្រំចំពុះទា ដែរ។

បើតាមការរៀបរាប់ របស់លោក វិ ឆេ ពាក់ព័ន្ធការប្រើឧបករណ៍ ដែលធ្វើឱ្យកូនខ្យងតាដិត ចូលចិត្តមកតោងនោះថា ចំពោះការងារនេះ ដោយគេគ្រាន់តែ កូរស៊ីម៉ង់ត៍ ហើយសូន្យវា ជាដុំតូចៗរាងសំប៉ែត ទំហំប៉ុនប្រាក់កាក់ ចងជាចង្កោម យកទៅរាយជាខ្សែ តាមបង្គោលដែលគេបានបោះ នៅតាមទីតាំងក្បែរៗមាត់ព្រៃកោងកាង ក្រោយគេពិនិត្យឃើញថា វាជាទីតាំងសម្បូរកូនខ្យងតាដិតនេះ លុះ១០ខែក្រោយមក គេនឹងទទួលផលយ៉ាងមានប្រសិទ្ធភាព។

លោក ម៉ី ថន ប្រធានសហគមន៍តំបន់ឆ្នេរសមុទ្រ ឃុំពាមក្រសោប ក៏បានអះអាងដែរថា តាមការកត់សម្គាល់របស់គាត់ លើមុខរបរចិញ្ចឹមខ្យងតាដិត របស់ប្រជាសហគមន៍កន្លងមកឃើញថា ការចិញ្ចឹមរបស់ពួកគេ ប្រើរយៈពេលតែ៤ ទៅ៦ខែទេ ហើយពួកក៏ពួកគេក៏ដឹកបញ្ជូនទៅលក់នៅប្រទេសថៃ ទាំងវាមិនទាន់គ្រប់អាយុ ដោយអ្នកចិញ្ចឹមនោះអះអាងថា ខ្វះបច្ចេកទេសក្នុងចិញ្ចឹមថែទាំឱ្យខ្យងវាធំធាត់បានឆាប់រហ័ស ខណៈប្រទេសថៃ គេមានបច្ចេកទេសខ្ពស់ ហើយគេហ៊ានទិញខ្យង តាដិត យកទៅចិញ្ចឹមបន្ត ឱ្យធំធាត់បានលឿនជាងកសិករយើង ដោយគេប្រើពេលត្រឹម៦ខែ បន្ថែមទៀតប៉ុណ្ណោះ។

ទាក់ទិន នឹងការលើកឡើងពីប្រធានសហគមន៍តំបន់ឆ្នេរសមុទ្រ ពាមក្រសោបនេះដែរ លោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផល បានអះអាងបន្ថែមលើការងារនេះថា ការណ៍ដែលប្រជាសហគមន៍ នាំកូនខ្យងមិនទាន់គ្រប់អាយុចេញទៅលក់បន្តនៅឯប្រទេសថៃ គឺជាការខុសច្បាប់ ពោលគឺជាការប្រព្រឹត្តផ្ទុយពីច្បាប់ហាមឃាត់ របស់ខណ្ឌរដ្ឋបាលជលផល ទាំងស្រុង។

លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាសហគមន៍ អនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញជលផល នោះខាងជំនាញនៃរដ្ឋបាលខណ្ឌជលផល នឹងបន្តជំរុញលើកទឹកចិត្ត បន្ថែម ដើម្បីឱ្យមុខរបរថ្មីមួយនេះ ដំណើរការទីផ្សារក្នុងស្រុកបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទោះជាយ៉ាងណាលោក វិ ឆេ ម្ចាស់សិប្បកម្មវារីវប្បកម្ម ចិញ្ចឹមខ្យងតាដិតនេះ បានប្តេជ្ញាថា លោកនឹងខិតខំធ្វើយ៉ាងណា ឱ្យការចិញ្ចឹមខ្យងរបស់គាត់ ធំធាត់បានឆាប់រហ័ស ហើយលែងដឹកបញ្ជូនទៅលក់បន្តនៅប្រទេសថៃ ទាំងវាមិនទាន់គ្រប់អាយុទៀតឡើយ ខណៈក្នុងមួយរដូវកាលការលក់របស់គាត់ ទៅដល់ប្រទេសថៃមានទំហំប្រហែល៦ម៉ឺនចង្កោម ដោយក្នុងមួយចង្កោម គាត់អាចលក់បានចំនួន២០០០រៀល។

សូមជម្រាបថា ខ្យងតាដិតមួយប្រភេទនេះ ជាអាហារសមុទ្រមួយបែប ដែលពលរដ្ឋខេត្តកោះកុង និងជនជាតិថៃ គេនិយមចូលចិត្តបរិភោគស្រស់ៗ បានយ៉ាងឆ្ងាញ់ពិសា ជាងខ្យងដែលគេឱ្យឈ្មោះថា អយស្ទ័រ ដែលមានភិនភាគស្រដៀងគ្នានេះ នៅតំបន់ផ្សេងពីខេត្តកោះ កុង ហើយខ្យងតាដិត មួយប្រភេទនេះគេនិយមបរិភោគជាមួយនឹងទឹកត្រីកោះកុង ផ្ទាប់ជាមួយត្រួយកន្ធុមធេត និងខ្ទឹមបំពង ដែលការទទួលទានរបៀបនេះ គឺកើតឡើងតាំងពីយូរយាណាស់មកហើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img