26 C
Phnom Penh
Saturday, July 27, 2024

ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានចំណេះដឹងថ្មីៗលើការដាំដុះបន្លែក្រោយបង្កើតបណ្ដុំបន្លែ

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ ការដាំដុះបន្លែគឺ ជាមុខរបរមួយដែលប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានចាប់យក  ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ខណៈការដាំដុះបន្លែពេលខ្លះមានទីផ្សារល្អ និងពេលខ្លះក៏មានតម្លៃទាប់មិនអាចទូទាត់លើការចំណាយផ្សេងៗបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការបណ្តុំបន្លែ ប្រជាពលរដ្ឋបានទទួលនូវចំណេះដឹងថ្មីៗ ទាំងការដាំដុះ ការប្រើប្រាស់ជី និងការប្រមូលផលលក់ក្នុងទីផ្សារជាដើម។

លោក ឆាន បូណា ជាកសិកររស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ បានឱ្យដឹងថា គាត់ និងគ្រួសារ បានចាប់យករបរដាំបន្លែជិត២០ឆ្នាំ មកហើយដូចជា ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ សាឡាត់ ស្ពៃតឿ និងខ្ទឹមខ្យល់ ជាដើម។ សម្រាប់ទីផ្សារមិនពិបាកនោះទេ ព្រោះមានអ្នកទិញយកទៅលក់បន្តមិនដែលសល់ ខណៈតម្លៃវិញមានការប្រែប្រួលឡើងចុះ ដោយពេលខ្លះធ្លាក់ថ្លៃរហូតដល់ខាតក៏មាន តែបញ្ហានេះយូៗ ជួបម្តងប៉ុណ្ណោះ។ ការដាំដុះបន្លែអាចរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាន និងអាចសល់លុយខ្លះសម្រាប់កូនៗ រៀនសូត្រថែមទៀតផង ព្រោះការដាំដុះរបស់លោកវិលជុំ ពោលគឺដាំពេញ១ឆ្នាំ តែម្តង។

ជាមួយនឹងការដាំដុះនេះ លោក ឆាន បូណា ក៏បានអរគុណដល់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញផ្សេងៗ ដែលបានបង្កើតសហគមន៍បណ្តុំបន្លែ និងចុះមកផ្តល់នូវបទពិសោធន៍ថ្មីៗ លើការដាំដុះ ថែទាំ ពិសេសការតបណ្តាញភ្លើង និងបុកអណ្តូងជូនពួកគាត់ ដើម្បីបង្កភាពងាយស្រួលដល់ការដាំដុះ និងស្រោចស្រព។ 

អ្នកស្រី លឹម សុដាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំគងជ័យ បានលើកឡើងថា តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា Aspire បានផ្តល់នូវចំណេះដឹងថ្មីៗ ជាច្រើនដល់ប្រជាពលរដ្ឋដែលជាសមាជិកបណ្តុំបន្លែ ដូចជាការដាំដុះ ការប្រើប្រាស់ជី និងទីផ្សារសម្រាប់លក់ជាដើម។ 

អ្នកស្រីបន្តថា ការបង្កើតបណ្ដុំបន្លែគងជ័យ មានកសិករសរុបចំនួន១២គ្រួសារចូលរួម ក្នុងនោះពួកគាត់បានដាំដំណាំដូចជា ស្ពៃក្រញាញ់ សាឡាដ៍ ស្ពៃតឿ ខ្ទឹមខ្យល់ ដែលជាប្រភេទដំណាំយកស្លឹក សម្រាប់លក់ក្នុងទីផ្សារ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img