30 C
Phnom Penh
Saturday, July 27, 2024

ប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករានេះ

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នឹងទទួលបានការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ក្រោមកិច្ចសហការរបស់មន្ទីរពេទ្យបង្អែកតំបែរ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ជាមួយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក ដែលឧបត្ថម្ភដោយមូលនិធិសេវា( SEVA.ORG)។ ការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ផ្ដោតទៅលើបញ្ហាភ្នែកជំនួន ៣ចំណុច ពោលគឺ ពិនិត្យភ្នែក បកបាយភ្នែក និងបកកន្ទុយថ្លែនភ្នែកធ្ងន់ធ្ងរ។ នេះបើយោងតាមការបញ្ជាក់ពី លោក ផុស ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក ផុស ពន្លឺ បានបញ្ជាក់ថា ការរៀបចំពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកតំបែរដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃពេញ ពោលគឺ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខណៈតាមគម្រោងនឹងអាចទទួលការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋចន្លោះពី ១២០នាក់ ទៅ ១៧០នាក់។ ជាមួយនឹងការលើកឡើង លោក ផុស ពន្លឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកតំបែរទាំងមូល បើមានបញ្ហាសុខភាពភ្នែក សូមទៅពិនិត្យ និងព្យាបាលឱ្យបានគ្រប់គ្នា ព្រោះការព្យាបាលនេះ មិនតម្រូវឱ្យបង់ប្រាក់ទេ។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានសហការជាមួយដៃគូ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ខណៈកន្លងមកការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃនេះ ធ្លាប់បានធ្វើជាបន្តបន្ទាប់នៅមន្ទីរពេទ្យនានាតាមបណ្តាក្រុង/ស្រុក រួចមកហើយ៕


អត្ថបទ និងរូបភាពដោយPuthinews

អានបន្ត

spot_img