30 C
Phnom Penh
Saturday, July 27, 2024

ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវបារម្ភពីការរអិលដួល ខណៈឈ្មួញដឹកដីលក់នៅតាមភូមិគ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យដីជ្រុះរាយប៉ាយ

ស្តាប់អត្ថបទជាសំឡេង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅភូមិបរយ៉ាខា និងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានការព្រួយបារម្ភចំពោះសុវត្ថិភាពលើដងផ្លូវ និងទឹកលិចផ្ទះរបស់ខ្លួន ខណ:ក្រុមឈ្មួញជីកកកាយដី ដឹកលក់ឱ្យប្រជាពលរដ្ឋនៅតាមភូមិ ធ្វើឱ្យកំពប់ដីលើផ្លូវជាច្រើន លុះពេលភ្លៀងធ្លាក់ម្តងៗ បណ្តាលឱ្យរអិល ដួលរងរបួសថែមទៀត ។ហេតុការណ៍ឈ្មួញដឹកដីលក់តាមភូមិបណ្តាលឱ្យកំពប់ធ្លាក់ទៅលើដងផ្លូវក្រាលកៅស៊ូនេះ ស្ថិតនៅក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 

ផ្លូវក្រាលកៅស៊ូ១ខ្សែ ខាងលើ កំពុងតែទទួលរងការខូចខាតជាបណ្តើរៗ ដោយសារក្រុមឈ្មួញនាំគ្នា ដឹកដីលក់នៅតាមភូមិយ៉ាងគគ្រឹកគគ្រេង ជាពិសេសការដឹកដីលក់នេះ អត់មានការគ្របបាំងឱ្យជិតពីលើរថយន្តនោះទេ ទើបធ្វើឱ្យកំទេចដីធ្លាក់ចេញពីលើរថយន្តទៅលើផ្លូវរាយប៉ាយយ៉ាងអនាធិបតេយ្យ ជាហេតុធ្វើឱ្យលំបាក ក្នុងការបើកបរម៉ូតូ និងរថយន្ត ពេលដែលមានភ្លៀងធ្លាក់ ធ្វើឱ្យរអិលរងគ្រោះគ្រោះថ្នាក់ដួលម៉ូតូជាញឹកញាប់ផងដែរ ។

ចំពោះការជីកកកាយដីដឹកលក់ឱ្យប្រជាពលរដ្ឋនេះ ក៏បង្កឱ្យមានការស្ទះប្រព័ន្ធលូបង្ហូរទឹក ពេលភ្លៀងធំម្តងៗ ធ្វើឱ្យទឹកលិចលង់ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងចាក់ដី ដោយកាលពីមុន ពេលភ្លៀងធ្លាក់តូចធំយ៉ាងណា ក៏មិនបង្កឱ្យទឹកលិចដល់ផ្ទះរបស់ខ្លួនដែរ ទើបតែប្រជាពលរដ្ឋមួយចំនួន បានហៅរថយន្តឱ្យដឹកដីយកទៅចាក់ត្រង់កន្លែងខាងលើ ទើបបង្កផលប៉ះពាល់ដល់ផ្ទះពួកគាត់ ។ 

លោក អ៊ូច បឿន មេភូមិបរយ៉ាខា បានប្រាប់ថា លោកធ្លាប់ណែនាំ ម្ចាស់រថយន្តឱ្យធ្វើការប្រុងប្រយ័ត្នក្នុងការដឹកដីលក់តាមភូមិ កុំឱ្យកំពប់ធ្លាក់រាយប៉ាយដូចនេះ តែហាក់ដូចជាមិនស្តាប់តាមការណែនាំនោះឡើយ ។ លោកបន្តទៀតថា កាលពីប៉ុន្មានថ្ងៃមុនក៏ឃើញ ខាងក្រុង និងមន្រ្តីបរិស្ថានចុះពិនិត្យកន្លែងខាងលើនេះ ដោយណែនាំដល់ម្ចាស់រថយន្ត និងម្ចាស់ដីកុំ ឱ្យចាក់ដីលុបប្រឡាយបង្ហូរទឹក ។ លោកបញ្ជាក់ថា ណាមួយនៅកន្លែងខាងលើ មិនមែនជាកន្លែងប្រឡាយទឹកហូរនោះទេ ទោះបីជាមានភ្លៀងខ្លាំងយ៉ាងណា ក៏មិនស្ទះប្រព័ន្ធផ្លូវទឹកដែរ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img