26 C
Phnom Penh
Saturday, July 27, 2024

ប្រជាពលរដ្ឋជិត៥០មុឺននាក់ហើយនៅខេត្តបាត់ដំបងបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ខណៈដែលអាជ្ញាធរខេត្ត បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងតែធ្វើការពង្រីកយន្តការសរុបនៃមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត នៅតាមបណ្តាឃុំនានា ក្នុងស្រុកនីមួយៗរបស់ខេត្តបាត់ដំបង ។ 

ក្នុងខណៈពេលដែលលោកអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានាក្នុងស្រុករតនមណ្ឌល សំឡូត ថ្មគោល បវេល សំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីជំរុញណែនាំបន្ថែមដល់រដ្ឋបាលស្រុកនិងឃុំ នៅតាមស្រុកគោលដៅទាំងអស់ ត្រូវចុះផ្សព្វផ្សាយនិងចុះស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយត្រូវលើកទឹកចិត្តឲ្យគាត់មកទទួលការចាក់វ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ចៀសវាងពួកគាត់មិនបានដឹង និងមិនបានមកចាក់វ៉ាក់សាំងកូវីដ១៩បានទាន់ពេលវេលា ។

  លោក ងួន រតនៈ បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វែងរកនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានតាមផែនការនិងអាចចាក់បានគ្រប់ៗគ្នា ដោយមិនប្រកាន់ថា ប្រជាពលរដ្ឋកំពុងរស់នៅទីឆ្ងាយ ឬដាច់ស្រយាលណាក៏ដោយ ក៏អាចទទួលបានការចាក់វ៉ាក់សាំងបានដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល ជាក់ស្ដែងដូចនៅតំបន់ឃុំកំពង់ល្ពៅ នៃស្រុកសំឡូត ដែលមានទីតាំងនៅដាច់ស្រយាលឆ្ងាយពីគេ ក៏អាចទទួលបាននូវថ្នាំវ៉ាក់សាំងប្រឆាំងនូវជំងឺកូវីដ១៩ បានដូចគ្នាផងដែរ ។ 

លោក អភិបាលខេត្តបាត់ដំបង បានរំលេចឲ្យដឹងថា រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជិត៥០ម៉ឺននាក់ហើយ ដែលបានមកទទួលការចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួនឯងនិងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលអាជ្ញាធរបាននិងកំពុងតែពង្រីកនូវយន្តការសរុប ក្នុងកិច្ចសហការរួមបញ្ចូលគ្នាជាមួយក្រុមគ្រូពេទ្យ នៅតាមបណ្តាស្រុក ក្រុង រួមទាំងក្រុមគ្រូពេទ្យរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ  និងកម្លាំងចូលរួមពីក្រុមយុវជនសហភាពសហព័ណ្ធយុវជនកម្ពុជា បានដំណើរការនិងកំពុងធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំនិងយុវវ័យផងដែរ ។

លោកបានធ្វើការអំពាវដល់ប្រជាពលរដ្ឋ បើទោះបីជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួចហើយក៏ដោយ ក៏នៅតែបន្តការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និងគោរពទៅតាមវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តបានដាក់ចេញ ដោយមិនត្រូវធ្វើការធ្វេសប្រហែសមួយចំណុចណាឡើយ ទើបយើងឈ្នះជំងឺកូវីដ១៩ មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍បន្តទៀត ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img