27 C
Phnom Penh
Saturday, December 14, 2024

ប៉ូលិសនិយាយថាមេដឹកនាំក្រុមសកម្មប្រយុទ្ធឥណ្ឌូណេស៊ីម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ

ប៉ូលិសបាននិយាយនៅថ្ងៃអាទិត្យនេះថា កងកម្លាំងសន្តិសុខឥណ្ឌូណេស៊ីបានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធមូចាហ៊ីឌីន ឬហៅថា MIT ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសឥណ្ឌូណេស៊ី ប្រតិបត្តិការរួមគ្នារវាងយោធានិងប៉ូលិសបានសម្លាប់លោក អាលី កាឡូរ៉ា (Ali Kalora) នៅក្នុងការបាញ់ប្រហារនៅភូមិមួយលើកោះស៊ូឡាវេស៊ី (Sulawesi) កាលពីរសៀលថ្ងៃសៅរ៍។

ប៉ូលិសបានឲ្យដឹងថា សកម្មប្រយុទ្ធម្នាក់ទៀតឈ្មោះថា អ៊ីគ្រីម៉ា (Ikrima) ក៏ត្រូវបានបាញ់សម្លាប់ផងដែរ និងបានបន្ថែមថាការតាមចាប់ខ្លួនសមាជិក៤នាក់ទៀតរបស់ក្រុមសកម្មប្រយុទ្ធ MIT កំពុងត្រូវបានធ្វើឡើង។ បន្ទាប់ពីការវាយឆ្មក់នោះ ប៉ូលិសបានរកឃើញគ្រឿងផ្ទុះ, កាំភ្លើងវែងM16មួយដើម និងកាំបិត២ដើមរួមជាមួយនិងភស្តុតាងផ្សេងទៀតនៃសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ។

លោក កាឡូរ៉ា (Kalora) បានឡើងតំណែងជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ MIT បន្ទាប់ពីកងកម្លាំងសន្តិសុខបានសម្លាប់មេដឹកនាំមុនរបស់គេកាលពីឆ្នាំ២០១៦។ អាជ្ញាធរឥណ្ឌូណេស៊ីជឿថា ក្រុមសកម្មប្រយុទ្ធនេះគឺជាអ្នកនៅពីក្រោយអំពើឃាតកម្មដ៏សាហាវទៅលើអ្នកភូមិចំនួន៤នាក់នៅលើកោះស៊ូឡាវេស៊ី (Sulawesi) កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បើទោះបីជាពួកគេមិនបានចេញមកអះអាងទទួលខុសត្រូវក៏ដោយ។

សូមរម្លឹកថា កាលពីខែមុនប៉ូលិសបានចាប់ខ្លួនសកម្មប្រយុទ្ធចំនួន៥៣នាក់ដែលត្រូវបានគេសង្ស័យថាបានរៀបចំការវាយប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូណេស៊ី៕

អត្ថបទ និងរូបភាពដោ៖ Puthinews

អានបន្ត

spot_img
spot_img