30 C
Phnom Penh
Saturday, July 27, 2024

ប៉ូលិសឆ្មក់​ចូលឆែកឆេរផ្ទះរបស់​​ក្រុម​សិទ្ធិ​មនុស្ស​រុស្ស៊ី ដោយសង្ស័យមាននិន្នាការបម្រើប្រយោជន៍បរទេស

មូស្គូ៖ កងកម្លាំងសន្តិសុខរបស់ប្រទេសរុស្ស៊ី កាលពីម្សិលមិញ បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់អតីតបុគ្គលិកនៃអង្គការសិទ្ធិមនុស្ស ដើម្បីស្រាវជ្រាវរកឯកសារផ្សេងៗ និងនាំខ្លួនសមាជិកមួយចំនួនទៅសាកសួរនៅការិយាល័យប៉ូលីស បន្ទាប់សង្ស័យថា អង្គការនេះមាននិន្នការបម្រើនយោបាយឲ្យបរទេស។

អង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា ម៉េម៉ូរៀល (Memorial) ត្រូវបានបង្កើតឡើងក្រោយការដួលរលំអតីតសហសភាពសូវៀត ដើម្បីចងក្រងឯកសារនានាស្តីពីការគាបសង្កត់ផ្នែកនយោបាយក្នុងរបបដឹកនាំដោយលោក ចូសេប ស្តាលីន (Josep Starlin) ប៉ុន្តែក្រុមនេះត្រូវបានរដ្ឋាភិបាលរុស្ស៊ី ហាមឃាត់ឈប់ឲ្យធ្វើសកម្មភាព នៅចុងឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធររុស្ស៊ី បានចោទប្រកាន់ថា ក្រុមនេះមាននិន្នការគាំទ្រអំពើភេរវកម្មនយោបាយ និងបម្រើក្រុមជាតិជ្រុលនិយមជ្រុល នៅលើទឹកដីរុស្ស៊ី។

ការឆ្មក់ចូលឆែកឆេរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមជំនាញផ្នែកស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានចោទប្រកាន់ថា ក្រុមនេះបានដាក់ឈ្មោះអ្នកពាក់ព័ន្ធនិន្នការណាស៊ី ក្នុងសម័យសង្គ្រាមលោកលើកទី២  និងបញ្ជីឈ្មោះជនរងគ្រោះជាប្រវត្តិសាស្ត្រនៃភេរវកម្មនយោបាយ។

ក្រុមសិទ្ធិមនុស្ស​នេះ ​បាន​និយាយ​ថា ប៉ូលិស​បានចាប់​រឹបអូសយក​សម្ភារៈ និង​ឧបករណ៍មួយចំនួន ​ដែល​មានបិទ​ស្លាក​សញ្ញារបស់អង្គការ ហើយ​បាន​នាំខ្លួន​បុគ្គលិក​​មួយ​ចំនួន​ទៅ​សួរ​ចម្លើយ។

អង្គការ ម៉េម៉ូរៀល បានប្រកាសថា នៅពេលនេះបុគ្គលិកមួយចំនួនកំពុងតែបាត់ខ្លួន ហើយមេធាវីតំណាងអង្គការមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកជាប់ឃុំនៅក្នុងការិយាល័យប៉ូលីសឡើយ។

លំនៅឋានរបស់ប្រធានអង្គការ ម៉េម៉ូរៀល គឺលោក យ៉ាន រ៉ាជីនស្គី (Yan Rachinsky) ដែលកំពុងជាប់ពន្ធនាគារ និងទើបតែទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០២២ ក៏ត្រូវកម្លាំងសន្តិសុខរុស្ស៊ី ឆ្មក់ចូលឆែកឆេរផងដែរ។

នាយកអង្គការលើកលែងទោសអន្តរជាតិ ប្រចាំប្រទេសរុស្ស៊ី លោកស្រី ណាតាលីយ៉ា វីយ៉ាហ្គីណា (Natalia Zviagina) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា តាមរយៈការឆ្មក់ចូលឆែកឆរផ្ទះរបស់សមាជិកអង្គការនេះ គឺបង្ហាញឲ្យថា អាជ្ញាធររុស្ស៊ីកំពុងបន្តតាមបង្ក្រាបក្រុមការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយ។

ចំណែកគណបក្សប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីវិញ បាននិយាយថា ការវាយឆ្មក់នេះ គឺជាការចាប់ផ្តើមសារជាថ្មីនៃយុទ្ធនាការគាបសង្កត់ផ្នែកនយោបាយពីសំណាក់អាជ្ញាធររុស្ស៊ី។

គណបក្សប្រឆាំង បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ថា «អ្វីដែលបានកើតឡើង គឺជាឧទាហរណ៍នៃយុទ្ធនាការបំផ្លិចបំផ្លាញក្រុមនយោបាយប្រឆាំង នៅក្នុងប្រទេសរុស្ស៊ី»។

ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រឹងជំរុញអាជ្ញាធររុស្ស៊ី ឲ្យគាបបន្តបង្ក្រាបក្រុមប្រឆាំង រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងគូប្រជែងនយោបាយ។

លោក វ៉្លាឌីមៀ ពូទីន មានក្រុមប្រឹក្សាសិទ្ធិមនុស្សផ្ទាល់ខ្លួន ដែលជាស្ថាប័នមួយបិទមាត់អ្នកនិយាយរិះគន់រដ្ឋាភិបាលរុស្ស៊ី ពាក់ព័ន្ធនឹងសិទ្ធិ សេរីភាពប្រជាពលរដ្ឋ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មិនយូរប៉ុន្មានមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់លោកជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៊ី លោកបានដកបុគ្គលិកចោលចំនួន១០នាក់ ហើយដាក់បុគ្គលិចថ្មីចំនួនបួននាក់ មានទាំងអ្នកសារព័ត៌មាន និងអ្នកពូកែតស៊ូមតិ គាំទ្រសង្គ្រាមឈ្លានពានអ៊ុយក្រែនផងដែរ៕

ដោយ៖ Puthinews  

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img