ស្តាប់អត្ថបទជាសម្លេង
បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក ស៊ុង គីម (Sung Kim) បានចូលរួមកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងលោក ណូ គ្យូឌុក (Noh Kyu-duk) នៅថ្ងៃចន្ទនេះ ខណៈដែលសម្ព័ន្ធមិត្តទាំងពីរកំពុងរកវិធីដើម្បីទាក់ទាញចិត្តកូរ៉េខាងជើងឲ្យត្រឡប់មករកកិច្ចចរចាជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់គេ។
ដោយហៅសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងថាជាទម្លាប់ត្រូវបានធ្វើឡើងជាយូរមកហើយនោះ លោក ស៊ុង គីម បាន ជំរុញឲ្យមានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។
លោកបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា «ខ្ញុំនៅតែបន្តត្រៀមខ្លួនដើម្បីជួបជាមួយសមភាគីកូរ៉េខាងជើងរបស់ខ្ញុំនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ចំពោះសារៈសំខាន់នៃសម្ព័ន្ធភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង លោកប្រធានាធិបតី បៃដិន បានចាត់ទុកការប្តេជ្ញារបស់អាមេរិកក្នុងការការពារកូរ៉េខាងត្បូងថាជារឿងដ៏ពិសិដ្ឋ។»
ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ស៊ុង គីម បានធ្វើឡើងក្នុងពេលដែលមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូងដែលត្រូវបានកូរ៉េខាងជើងព្រមានថាអាចនឹងបង្កឲ្យមានវិបត្តិសន្តិសុខ។
សមយុទ្ធរួមគ្នាដែលមានរយៈពេល៩ថ្ងៃនោះបានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែសីហាដោយមកទល់ពេលនេះនៅមិនទាន់មានប្រតិកម្មណាមួយពីកូរ៉េខាងជើងនៅឡើយនោះទេ បើទោះបីជាមានការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីល ឬធ្វើសកម្មភាពផ្សេងទៀតដើម្បីបញ្ជាក់ពីការមិនពេញចិត្តរបស់គេក៏ដោយ៕
អត្ថបទ និងរូបភាពដោយ Puthinews