30 C
Phnom Penh
Saturday, July 27, 2024

បើកយុទ្ធនាការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងផ្សព្វផ្សាយសារាចរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការពារការឆ្លងជំងឺកូវីដ-១៩ និងសុវត្ថិភាពចរាចណ៍ផ្លូវគោក ក្នុងអំឡុងពេលនិងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ក្នុងក្រុងបាត់ដំបង នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ។

លោក ងី សែត បានបញ្ជាក់ថា យុទ្ធនាការនេះគឺពិតជាបានផ្តល់នូវសារសំខាន់ជាច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅ បានយល់ច្បាស់ពីការអនុវត្តច្បាប់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិធានការការពារនៃការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនេះក្រុមការងារក៏បានផ្សព្វផ្សាយ សារាចរ បានបញ្ជ្រាបឱ្យពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំថា យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនភ្លេចយើងឡើយ ។ 

លោកបានបញ្ជាក់ថា ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមប្រជាពលរដ្ឋទាំងអស់ត្រូវគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងក្រុមគ្រួសារ ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងថែមទៀតផង ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ក្រុមការងារក៏បានចែកម៉ាស់ បាញ់អាល់កុល និងចែកខិតប័ណ្ណអប់រំអំពីជំងឺឆ្លងកូវីដ-១៩ និងបានចែកសាប៊ូដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមដងផ្លូវ សម្រាប់លាងសម្អាតដៃឱ្យបានស្អាត មុននឹងពិសាចំណីអាហារ និងឯកសារចរាចណ៍មួយចំនួនទៀត ហើយយុទ្ធនាការផ្សព្វផ្សាយអំពីវិធាននៃការរឹតត្បិតកាតព្វកិច្ចក្នុងការអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩បន្ត ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img