កោះកុង៖បុរសអាយុ៥២ឆ្នាំម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានតែងនិយាយថា ញៀនតែស្រាថ្នាំជាប្រចាំ និងសង្ស័យទៀតថា កេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ឲ្យការងាររើសអេតចាយ លក់យកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព និងបន្តការរស់នៅ ក្រោមរោងដោល ប្រក់តង់ស៍ រឆេករឆូច មើលពីជើង ធ្លាយត្បូង មើលពីលិច ធ្លាយកើត គ្រាមានភ្លៀងខ្យល់ មកម្តងៗក្រោកអង្កុយទល់ភ្លឺ ពុំមានពន្លឺភ្លើងអក្គិសនីប្រើប្រាស់ឡើយ។
បើទោះបីជា ស្ថានភាពគ្រួសារ មានកម្រិតជីវភាពតោកយ៉ាកយ៉ាងណា ក៏បុរសជាមេគ្រួសាររូបនោះហាក់មិនខ្វល់ ពោលគឺតាំងតែពីដើមឡើយរហូតមកពេលនេះ មានប្រពន្ធនិងកូនសរុបចំនួន០៤ នាក់ បូករួមទាំងនៅក្នុងផ្ទៃពោះ០៤ខែ ថែមម្នាក់ទៀតនោះ ចំណែកបុរសជាប្តីវិញ ដេកផឹក អង្គុយផឹកតែស្រាថ្នាំ ខួបប្រាំងខួបវស្សា ខណៈកូនប្រុសម្នាក់និងកូនស្រី០២នាក់ ស្គាល់ត្រឹមរសជាតិរើសតែសម្រាម ពុំដែលស្គាល់មជ្ឈដ្ឋានពន្លឺ នៃអនាគតរបស់ពួកគេឡើយ។
ស្ថិតក្នុងស្ថានភាពបែបនេះ អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធ តែងចុះសួរនាំជាញឹកញាប់ ព្រមទាំងយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួន ដើម្បីបានផ្គត់ផ្គង់ជីវភាព និងទ្រទ្រង់សុខភាពកុមារ ក្នុងបន្ទុកមួយគ្រួសារនេះ ជាដរាប។
ពីមួយឆ្នាំទៅមួយឆ្នាំ ទម្លាប់របស់មេគ្រួសារមួយនេះគឺនៅតែដដែលរហូតដល់កូនច្បងអាយុ១៣ឆ្នាំ លុះអាជ្ញាធរមូលដ្ឋាន សម្រេចលួងលោមអង្វរ ស្នើសុំយក កុមារទាំងអស់ក្នុងគ្រួសារមួយនេះ បានមករស់នៅសិក្សារៀនសូត្រ ក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង យ៉ាងសម្បូរសប្បាយ ជាមួយនិងក្មេងៗជាច្រើននាក់ទៀតក្នុងមណ្ឌល ក្រោមទឹកដៃថែទាំដ៏ប៉ិនប្រសព្វពីអ្នកស្រី ម៉ែដោះ សុខ ពីសី ។
បើតាមលោកស្រី ឈី វ៉ា អភិបាលរងខេត្ត បានចាត់ឲ្យ មន្ត្រីការិយាល័យសេវាសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០១ ឧសភា ២០២៤ បានចុះសួរសុខទុក្ខគ្រួសារនេះ មានឈ្មោះ គង់ ស្រីម៉ាច អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ហើយបានរៀបចំតង់ស្នាក់នៅលើគំនរសម្រាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលមានប្តីឈ្មោះ សុខ ផល អាយុ៥២ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានកូនចំនួន ៣នាក់ ស្រី០២នាក់ ក្នុងនោះ កូនទី១ឈ្មោះ ឆេង ឧត្តម ភេទប្រុស អាយុ១៣ឆ្នាំ ថ្នាក់ទី២ ស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង។ កូនទី២ ឈ្មោះ ឆេង ចិន្តា ភេទស្រី អាយុ១០ឆ្នាំ ថ្នាក់ទី២ ស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង។ កូនក្នុងបន្ទុកចំនួន ១នាក់(ស្រី) ឈ្មោះ សុខ ស្រីម៉ី អាយុ៤ឆ្នាំ និងកំពុងពរពោះ៤ ខែ ម្នាក់ទៀត។
បើតាមការសាកសួរបន្ថែមពីមន្ត្រីជំនាញ ពួកគាត់បញ្ចាក់ថា មានបំណងវិលត្រឡប់ទៅរស់នៅប្រកបការងារខាងស្រុកកំណើតវិញ ឯខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខ ព្រោះថាការរស់នៅលើទីលានចាក់សម្រាម ជាងមួយសប្តាហ៍នេះពុំមានប្រាក់ចំណូលផ្គត់ផ្គង់អាហារប្រចាំថ្ងៃ សូម្បីតែពលរដ្ឋអ្នករើសសម្រាមដទៃទៀត ដែលស្នាក់នៅតាមបន្ទប់ជួលខាងក្រៅទីលាន នេះក៏ដូចគ្នាដែរ ដោយហេតុថាអាជ្ញាធរជំនាញខេត្តកោះកុង សម្រេចបិទការចាក់សម្រាមនៅលើទីលាននេះ ជាស្ថាពរ ព្រោះប៉ះពាល់បរិស្ថានក្រុង និងបង្កើតទីលានថ្មី នៅផ្លូវជាតិ៤៨ នៅឆ្ងាយពីក្រុងខេមរភូមិន្ទ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New