30 C
Phnom Penh
Saturday, July 27, 2024

បុរស០២នាក់ បានរួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយគៀបជាប់ក្នុងរថយន្ត នៅចំណុចផ្លូវអន្ទង់អាំង ខេត្តកោះកុង

កោះកុង៖ បុរសចំនួន០២នាក់ បានរួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រយន្តដ៏រន្ធត់មួយ ដែលបណ្តាលឱ្យអ្នកបើកបរម្នាក់ត្រូវគៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវអន្ទង់អាំង ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការណ៍សង្គ្រោះនេះ សមត្ថកិច្ចស្រុកបុទុមសាគរ បានញាប់ដៃញាប់ជើងជួយជនរងគ្រោះចេញពីក្នុងរថយន្ត និងបានដឹកទៅមណ្ឌលព្យាបាលជាបន្ទាន់។

សមត្ថកិច្ចស្រុកបុទុមសាគរបានអះអាងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ជនរងគ្រោះទាំង០២នាក់បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ខណៈម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរបួសស្រាល។

សមត្ថកិច្ចស្រុកបូទុមសាគរ បញ្ជាក់បន្ថែមថា ករណីនេះបង្កឡើងដោយខ្លួនឯង ពេលរថយន្តនេះចុះចំណោត ហើយដាច់ហ្វ្រាំង ក្រឡាប់លើថ្នល់តែម្តង បណ្តាលឱ្យមនុស្សចំនួន០២នាក់ រងរបួសខណៈម្នាក់ជាអ្នកបើកបរជាជនជាតិខ្មែរ ឈ្មោះ ផុន ភក្ត្រា អាយុ២៩ឆ្នាំ ជាអ្នកស្រុកឃុំកោះរការ ស្រុកកំពុងសៀម ខេត្តកំពុងចាម និងព្រូឡានម្នាក់ទៀត ឈ្មោះ នេត សាវ៉ន់ អាយុ ១៩ឆ្នាំ មកពីស្រុកសំពៅមាស ខេត្តពោធិសាត់។

ប្រភពដដែលបញ្ជាក់ទៀតថា រថយន្តមួយគ្រឿងនេះម៉ាកHINO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣D ២៧ ១១ ដឹកស្រាបៀពីភ្នំពេញមកខេត្តកោះកុង។

បច្ចុប្បន្ន ជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងទឹក និងរថយន្តរងការខូចខាតធ្ងន់ធ្ងរ នៅនឹងកន្លែង៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img