30 C
Phnom Penh
Sunday, October 6, 2024

បុរស០២នាក់ត្រូវបានសង្គ្រោះក្នុងសមុទ្រ បន្ទាប់ពី ធ្វើដំណើរទាំងយប់ត្រលប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ បុរស០២នាក់ ត្រូវបានសង្គ្រោះក្នុងសមុទ្រខេត្តព្រះសីហនុបន្ទាប់ពីរលកបោកបក់ខ្លាំង ខណៈព្យាយាមធ្វើដំណើរបើកម៉ូតូទឹក ត្រលប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់  កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយទទួលដំណឹងនេះភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះ និងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស០២នាក់ ដែលបានបើកម៉ូតូទឹកចំនួន០២គ្រឿង ត្រលប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹក០១គ្រឿងបានខូចម៉ាស៊ីន ចំណែកម៉ូតូទឹក០១គ្រឿងទៀត ដែលរួមដំណើរជាមួយក៏បានជួយអូសចម្លង ចៃដន្យម៉ូតូទឹក០១គ្រឿង ដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឱ្យម៉ូតូទឹកទាំង០២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង នៅចំណុចជិតកោះថាស។

 ដើម្បីជួយសង្គ្រោះបុរសទាំង០២នាក់ ដោយសារតែរលកសមុទ្រខ្លាំងពេក មិនអាចបញ្ជូនអូប័របាន ទើបលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទូកធំរបស់ក្រុមហ៊ុនGTVC ចេញទៅជួយសង្គ្រោះបុរសទាំង០២នាក់ ហើយបើតាមលោកឧកញ៉ា មានប្រសាសន៍ថា នៅត្រង់ចំណុចដែលម៉ូតូទឹកទាំង០២មានបញ្ហា គឺជាឃ្លងច្រកសមុទ្រ ដែលមានរលកខ្លាំងបំផុត បោកនាំម៉ូតូទឹកទាំង០២គ្រឿង ផ្ទប់ជាមួយនឹងថ្មក្បែរកោះ រួមផ្សំនឹងធាតុអាកាសធ្លាក់ភ្លៀង និងមេឃងងឹតទៀត ធ្វើឱ្យការសង្គ្រោះជួបការលំបាក ប៉ុន្តែក្រោយការខិតខំព្យាយាមពីក្រុមការងារលើទូកសង្គ្រោះ របស់លោកឧកញ៉ា ការសង្គ្រោះបុរសទាំង០២នាក់ ក៏ទទួលបានជោគជ័យដោយសុវត្ថិភាព ហើយបច្ចុប្បន្នបានបញ្ជូនមកដល់ដីគោកក្នុងក្រុងព្រះសីហនុហើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img