26 C
Phnom Penh
Saturday, July 27, 2024

បុគ្គលិកពេទ្យបង្អែកប៉ោយប៉ែត បន្តទម្លាយរឿងប្រធានមន្ទីរពេទ្យប្រព្រឹត្តិអំពើពុករលួយ យកលុយពីគ្រូពេទ្យ ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានបន្តទម្លាយសំឡេងឆ្លើយឆ្លងគ្នា ពីការសូកប៉ាន់លុយកាក់ ចំនួនចាប់ពី ៥០០០ដុល្លារ ដល់ ១៥០០០ដុល្លារ ឱ្យទៅលោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ។

យោងតាមសំឡេងឆ្លងឆ្លើយរវាងគ្រូពេទ្រ ជាច្រើននាក់បានឱ្យដឹងថា អ្នករត់ការយកក្របខ័ណ្ឌពេទ្យមធ្យម បានចំណាយលុយចំនួន ៧៥០០ដុល្លារ យកក្របខ័ណ្ឌវេជ្ជបណ្ឌិត(ឌុកទ័រ) ចំណាយចំនួន ១៥០០០ដុល្លារ។ ការសូកលុយដើម្បីទទួលក្របខ័ណ្ឌរដ្ឋនេះ កើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសផ្តល់ក្របខ័ណ្ឌពេទ្យជាង ៣០០០នាក់បន្ថែម ដល់គ្រូពេទ្យដែលស្ម័គ្រចិត្តចូលរួមព្យាបាលជំងឺកូវីដ-១៩ ទោះជាពេទ្យកិច្ចសន្យាក៏ដោយ។ ចំពោះការប្រកាសនេះ សម្តេចមិនតម្រូវឱ្យបង់ថវិការ តែត្រូវតែចូលរួមក្នុងសកម្មភាពព្យាបាលថែទាំអ្នកជំងឺកូវីដ-១៩តែប៉ុណ្ណោះ។

ក្នុងសំឡេងឃ្លីបមួយដែលមានរយៈពេល ៥នាទី និង១៣ វិនាទី បានបង្ហាញថា គ្រូពេទ្យ ឈ្មោះរ័ត្ន និងម្នាក់ទៀត ជាក្មួយរបស់ឈ្មោះ សម្បត្តិ ត្រូវបង់លុយតាមគណនីធនាគារ ដែលពួកគាត់មិនស្គាល់ឈ្មោះអ្នកទទួល ចំនួន ៥០០០ដុល្លារ ក្នុងម្នាក់ ដើម្បីទទួលបានក្របខ័ណ្ឌ បម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
ចំណែកសំឡេងក្នុងឃ្លីបមួយទៀតដែលមានរយៈពេល ១០នាទី និង៥វិនាទី បានបង្ហាញថា លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រើឈ្មោះពេទ្យខ្មោច ដើម្បីបើកប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្នុង១ថ្ងៃ ៥០ដុល្លារ។ ក្នុងសំឡេងបាននិយាយយ៉ាងដូច្នេះថា៖ “ក្រដាសសញ្ញេយើងធ្វើការបាន១០ថ្ងៃ ប៉ុន្តែឈ្មោះយើងធ្វើនឹងតែ៥ថ្ងៃទេ ឈ្មោះមាន១០ ប៉ុន្តែគេឱ្យយើងធ្វើតែ៥ថ្ងៃទេ យើងបើកលុយចំនួន ១០ថ្ងៃ ហើយក្រោយបើកលុយយើងត្រូវផ្ញើទៅខាងគណនីពេទ្យចំនួន ៥ថ្ងៃវិញ”។ ដោយឡែក ពេទ្យ ឈ្មោះហេង ធ្វើការបានចំនួន មួយខែ តែបើកប្រាក់បានចំនួនតែ ១៥ថ្ងៃ ហើយក្រោយមកឈ្មោះនេះ ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យដោយមិនដឹងមូលហេតុ។ សំឡេងក្នុងឃ្លីបដដែល ក៏បានបង្ហាញផងដែរថា ប្រធានមន្ទីរពេទ្យក៏បានកាត់បន្ថយលុយឧបត្ថម្ភ ដល់ពេទ្យដែលទទួលខុសត្រូវលើសពអ្នកកូវីដ-១៩ផងដែរ។

ក្នុងឃ្លីបសំឡេងមួយទៀត ដែលមានរយៈពេល ១០នាទី និង៨វិនាទី បានបង្ហាញថា ពេទ្យឈ្មោះ វណ្ណា បានចំណាយលុយចំនួនប្រាំពាន់ដុល្លារ ក្នុងតម្លៃប្រម៉ូសិនពិសេស ស្របពេលបុគ្គលិក ឈ្មោះ ថុនា បានបម្រើការងារជាបុគ្គលិកបណ្តែតចំនួន ១០ឆ្នាំហើយ តែមិនអាចទទួលបានឈ្មោះក្នុងក្របខណ្ឌរដ្ឋ ដោយសារលោកមិនបានដាក់លុយ។ សំឡេងដដែលបានបន្ថែមថា គ្រូពេទ្យបង្អែកប៉ោយប៉ែតប្រមានជា ១០នាក់ បានចំណាយលុយដើម្បីទទួលបានក្របខ័ណ្ឌពេទ្យរដ្ឋ ដោយពេទ្យម្នាក់ៗ ចំណាយលុយចំនួនខុសៗគ្នា ហើយពេទ្យខ្លះផ្ញើលុយតាមគណនីធនាគារទេសសុន និងគណនីធនាគារផ្សេងៗពីគ្នា។

ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិតម្នាក់ បាននិយាយក្នុងលក្ខ័ណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រឿងដែលមិនមានភាពប្រក្រតីមួយទៀតនោះគឺ ឈ្មោះពេទ្យដែលកំពុងសម្រាកមាតុភាព ពេទ្យខ្លះពរពោះជិតគ្រប់ខែ ពេទ្យខ្លះកំពុងថែកូននៅផ្ទះ ក៏ទទួលបានឈ្មោះស៊ីប្រាក់កូវីដ-១៩ដែរ ដែលទង្វើនេះ លោកពិតជាមិនអាចទទួលយកបាន ព្រោះវាជាការបោកប្រាស់ទំនុកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដឹកនាំ សម្របសម្រួល អនុវត្តវិធានការគ្រប់បែបយ៉ាងទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ព្រោះបុព្វហេតុសុខមាលភាពប្រជាជនគ្រប់រូប។

ទាក់ទងនឹងបញ្ហានេះ លោក សួន សុផល ប្រធានគណនេយ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ថា សំឡេងដែលបែកធ្លាយនេះ ពិតជាគ្រូពេទ្យដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត តែរឿងដោះដូរលុយកាក់ ដើម្បីទទួលបានក្របខណ្ឌរដ្ឋ លោកមិនបានទទួលទេ ព្រោះឈ្មោះអ្នកត្រូវចូលក្របខ័ណ្ឌគឺ ខាងរដ្ឋបាល និងប្រធានមន្ទីរពេទ្យជាអ្នករៀបចំ។

ក្នុងករណីនេះ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មិនអាចសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកទទួល។

ដោយឡែក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអ្នកសារព័ត៌មានសួរផ្ទាល់ទៅ លោក វិជ្ជបណ្ឌិត ឱក ទីនណា ដោយលោកបញ្ជាក់យ៉ាងដូច្នេះថា៖ “សូមបងសួរដោយផ្ទាល់លើប្រធានមន្ទីរពេទ្យប៉ោយប៉ែត លោក វេជ្ជ ឱក ទីនណា 085 999 917 នឹងទទួលបានពត៌មានពិស្តារ”។ លោកបានបន្តទៀតថា ចំពោះព័ត៌មានស៊ីលុយកាក់ឈ្មោះខ្មោចខាងលើ ខាងមន្ទីរពេទ្យធ្លាប់ធ្វើការបកស្រាយ ជាបន្តបន្ទាប់ រហូតដល់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានយកទៅដាក់ក្នុងកិច្ចប្រជុំផ្ទាល់ ដោយមានមន្ត្រីសុខាភិបាលមន្ទីរពេទ្យប៉ោយប៉ែត។ ក្នុងនោះ បានឱ្យបុគ្គលិកទាំងអស់លើកឡើងនូវការមិនសុខចិត្ត ឬ ការតវ៉ាផ្សេងៗ ចំពោះការដឹកនាំរបស់ប្រធានមន្ទីរពេទ្យ ប៉ុន្តែមិនមានរកឃើញកំហុសឆ្គងដូចការចុះផ្សាយទេ។ចំពោះមន្ទីរសុខាភិបាលខេត្តបានចុះធ្វើការស្រាវជ្រាវ តែមិនមានរកឃើញកំហុសឆ្គងធ្ងន់ធ្ងរទេ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលិកពេទ្យបង្អែកក្រោមឱវាទ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ។ ក្រោយមកទៀត នៅកំឡុងចុងឆ្នាំ២០២១ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងលោក សួន សុផល ប្រធានគណនេយ្យ ត្រូវបានមន្ត្រីនៅក្នុងមន្ទីរបង្អែកប៉ោយប៉ែត ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ពីបទ ឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តិអំពើពុករលួយ និងកេងប្រវ័ញក្នុងមន្ទីរពេទ្យ រួមនឹងការយកលុយចេញលិខិតបញ្ជាក់ថា មិនមានកូវីដ-១៩ ដើម្បីបានចេញចូលទៅក្នុងប្រទេសថៃ ចាប់ពី១៥០ដុល្លារ ទៅ ២០០ដុល្លារ ក្នុង១នាក់ជាដើម។

ពាក់ព័ន្ធនឹងករណីប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនេះ លោក សួន សុផល ប្រធានគណនេយ្យមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឱ្យដឹងថា កន្លងមកថ្មីៗនេះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅសាកសួរ និងស៊ើបអង្គេតរួចហើយ ដោយពេលនេះខាងមន្ទីរពេទ្យកំពុងរង់ចាំលទ្ធផល។ ក្នុងពាក្យស្នើសុំនោះ សុំឱ្យលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយចាត់វិធានការលើប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយក្រុមគ្រូពេទ្យបានអំពាវឱ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេត ដើម្បីដឹងការពិត នៅក្នុងមន្ទីរពេទ្យប៉ោយប៉ែតនេះ៕
អត្ថបទ និងរូបភាពដោយPuthinews

អានបន្ត

spot_img