30 C
Phnom Penh
Sunday, October 6, 2024

បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ពលរដ្ឋអាយុចាប់ពី១៨ឡើង

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ត្រូវបានបិទបញ្ជប់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោយមានប្រជាពលរដ្ឋជិត៦០ម៉ឺននាក់ ទៅទទួលវ៉ាក់សាំងនេះ។ ពិធីបិទនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ក្រោមវត្តមាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកថា គិតចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ការអនុវត្តផែនការចាក់វ៉ាក់សាំងកូដ-១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងមានចំនួន៥៨៧៥៣៦នាក់ អ្នកមិនទាន់បានចាក់មានប្រមាណ២៥៩៤៤នាក់។ ចំពោះមូលហេតុអ្នកដែលមិនទាន់បានចាក់ ដោយសារពួកគាត់មានបញ្ហាសុខភាពរ៉ាំរ៉ៃ មានផ្ទៃពោះ ទើបសម្រាលកូនរួច អ្នកធ្លាប់មានវិជ្ជមានកូវីដ-១៩ អ្នកមិនហ៊ានចាក់ មិនទៅចាក់ និងចាស់ជរា ជាដើម។ មួយវិញទៀត ខេត្តកំពង់ស្ពឺក៏មានប្រជាពលរដ្ឋចំណាកស្រុកប្រមាណជាង ២ម៉ឺននាក់ ផងដែរ ដែលមកទល់ពេលនេះនៅមិនទាន់បានទទួលវ៉ាក់សាំងនៅឡើយ។ ជាមួយនេះដែរកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលទទួលបានវ៉ាក់សាំងទី១រួច មានចំនួន៩១.៤៧៨ ស្មើនឹង៩៣,៨៧ភាគរយ និងដូសទី២ រួចមានចំនួន៦.៣១២នាក់ ស្មើនឹង០,៨ភាគរយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ។ ដូចនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានប្រកាសផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទសកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបានប្រមាណ ជាង៩០ភាគរយហើយ នៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំពោះការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅបន្តចាក់ជាធម្មតា។ លោកស្រីក៏បានស្នើឱ្យរដ្ឋបាលខេត្តរក្សាវ៉ាក់សាំងមួយចំនួនសម្រាប់អ្នកដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានវ៉ាក់សាំង សម្រាប់ជាកងការពារខ្លួន។ ក្រៅពីនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ នៅតែបន្តអនុវត្តវិធានការសុខាភិបាល ទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img