ស្តាប់អត្ថបទជាសម្លេង
ត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរក្រុងសួងបានសម្រេចសុំគោលការណ៍ បិទផ្សារសួងជាបណ្តោះអាសន្នដើម្បីកាត់ផ្តាច់សង្វាក់នៃការរីករាលដាល បន្ទាប់ពីផ្ទុះកូវីដ-១៩ យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរក្រុងសួងបានរកឃើញចំនួន៤០៧នាក់ អ្នកនៅក្នុងក្រុងចំនួន២៦៧នាក់ និងអ្នកនៅក្រៅក្រុង១៤០នាក់។ ការផ្ទុះឡើងជាថ្មីនេះដោយផ្តើមចេញពីការរកឃើញលើកម្មករធ្វើការនៅសិប្បកម្មទិញអេតចាយ៧៧ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ អាជ្ញាធរក្រុងសួង។
លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឱ្យដឹងថា រយៈពេល១១ថ្ងៃកន្លងមកនេះ អត្រានៃការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងសួង បានកើនឡើងគួរឱ្យព្រួយបារម្ភ ពោលគឺ ច្រើនមិនធ្លាប់មានពីមុនមក ក្នុងនោះអ្នកវិជ្ជមានប្រមាណ៥០ភាគរយ ជាអាជីវករក្នុងផ្សារសួងតែម្តង។ ដោយ មានការឆ្លងច្រើន និងលឿន ពិសេសអាជីវករលក់ដូរក្នុងផ្សារដូច្នេះ ទើបរដ្ឋបាលក្រុងសម្រេចសុំគោលគារណ៍ពីរដ្ឋបាលខេត្តដើម្បីបិទខ្ទប់ការចេញ-ចូល ក្រៅ និងក្នុងបរិវេណផ្សារជាបណ្តោះអាសន្នមួយរយៈដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក ជា ណារ៉ុន ក៏បានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ រូសរាន់ទៅយកសំណាកនៅទីតាំងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ជាបន្ទាន់ ដើម្បីបង្ការសុខភាព និងអាយុជីវិតខ្លួនឯងពីការប្រល័យដោយជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្រោយមានការរកឃើញជាបន្តបន្ទាប់នេះកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់វេទិការសម្ព័ន្ធសង្គមស៊ីវិល បានចុះទៅបាញ់ថ្នាំក្នុងផ្សារសួង និងបេនឡានក្រុងសួង ដើម្បីសម្លាប់មេរោគ តែមកដល់ថ្ងៃទី១២ ខែកញ្ញា តាមរយៈការធ្វើតេស្តរហ័ស នៅតែបន្តរកឃើញអ្នកឆ្លងថ្មី ទើបអាជ្ញាធរក្រុងសួងសម្រេចសុំគោលការណ៍បិតផ្សារនេះជាបណ្តោះអាសន្នតែម្តង៕
អត្ថបទ និងរូបភាពដោយ Puthi News