ស្តាប់អត្ថបទជាសម្លេង
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នលើកទី ២ផ្សារលើ ក្នុង ភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។
ការបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងជាលើកទី២ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ «បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta ជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ»។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏កំណត់នៅក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ តម្រូវឲ្យហ៊ុំព័ទ្ធទីតាំងផ្សារលើទាំងមូលផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬ ប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុង ទីតាំងផ្សារលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។
សូមបញ្ជាក់ថា ផ្សារលើខេត្តកំពង់ឆ្នាំង ជាផ្សារដែលធំជាងគេ នៅក្នុងខេត្តនិងមានមនុស្សចេញចូលច្រើន។ ផ្សារនេះមានទីតាំងស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ម្តងរួចមកហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញមានអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារនេះ ឆ្លងជំងឺកូវីដ១៩ ដើម្បីទប់ស្កាតកុំឲ្យមានការឆ្លងរាលដាលកាន់តែធំ។
សូមបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២.៩០៩នាក់, ជាសះស្បើយសរុបចំនួន ២.៥៥៥នាក់, ស្លាប់សរុបចំនួន ៩០នាក់, កំពុងសម្រាកព្យាបាលសរុបចំនួន ២៦៤នាក់៕
អត្ថបទ និងរូបភាពដោយះ Puthi News