បន្ទាយមានជ័យ៖ ការដ្ឋានសំណង់មួយកន្លែង ដែលកំពុង សាងសង់ តែខុសបច្ចេកទេស បណ្តាលឱ្យបាក់ប្លង់សេ អាគារកំពុងសាងសង់ ស្រះសួគ៍ ខូចខាតទាំងស្រុង និងបណ្តាលឱ្យស្ត្រីម្នាក់បានរងរបួសធ្ងន់។ ករណីនេះ កើតឡើងនៅវេលាម៉ោង ១០:១០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ម្ចាស់អាគារដែលកំពុងសាងសង់ មានឈ្មោះ យឹម គឹមអៀង អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកលក់ខុនដូរអគារកំពុងសាងសង់ដែលមានទទឹង ១២ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ។
អាគារនេះ នៅពេលកំពុងសាងសង់ចាក់ប្លង់សេ ជាន់ទី២ ស្រាប់តែប្លង់សេ ជាន់ទី១បានបាក់ធ្លាក់មកក្រោមទាំងផ្ទាំង ប៉ះមកលើកម្មករម្នាក់ ឈ្មោះ នី ស្រីនិច អាយុ១៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ជាកម្មករសំណង់ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលរបួសបាក់ជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិក។
សូមបញ្ជាក់ថា មូលហេតុនៃការបាក់រលំអាគារនេះ ដោយសារការសាងសង់ខុសលក្ខណៈបច្ចេកទេស។ ក្រោយពេលកើតហេតុ អាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ដោយជួយធ្វើអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់ល្អឡើងវិញផងដែរ៕
អត្ថបទ និងរូបភាព Puthi News