ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធករណីឆបោក ប្រាក់ពីអ្នកធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានចាប់ខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីយប់ ដោយកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ នៅចំណុចផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមការបញ្ជាក់ពីកម្លាំងនគរបាលយុត្តិធម៌ខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំមនួន០២នាក់ នៅចំណុចមុខសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឆបោកប្រាក់ពីអ្នកធ្វើចត្តាឡីស័ក នៅចំណុចសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ជនសង្ស័យឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១១E០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ អ្នកយាមម៉ូតូ ស្នាក់នៅផ្ទះលេខ១៥E៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យករួមមាន រថយន្តមួយគ្រឿងម៉ាក លុចស៊ីស៤៧០ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199 និងទូរស័ព្ទដៃមួយគ្រឿង០២គ្រឿង និងលុយមួយចំនួនផងដែរ។
ក្នុងករណីនេះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានជិះរថយន្តម៉ាក លុចស៊ីស ៤៧០ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199 ទៅធានាក្មួយចំនួន០២នាក់ប្តីប្រពន្ធ ឈ្មោះ ហ៊ន ចាន់ណា និងឈ្មោះ ហឿន ចាន់ធី ដែលកំពុងធ្វើចត្តាឡីស័កបានចំនួន ១២ថ្ងៃ នៅសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែនវត្តភ្នំ។ ក្រោយបានការណែនាំពីអ្នកយាមនៅកន្លែងធ្វើចត្តាឡីស័ក ជនសង្ស័យទាំង០២នាក់ បានធ្វើលិខិតធានា និងមានចំណារឯកភាពពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អនុញ្ញាតិឱ្យអ្នកធ្វើចត្តាឡីស័ក០២នាក់ប្តីប្រពន្ធខាងលើត្រឡប់ទៅផ្ទះវិញ ក្រោយមកមានការលេចឮព័ត៌មានថា ជនសង្ស័យទាំង០២នាក់ បានយកលុយចំនួន ១លានរៀល ជាថ្នូរធានាចេញពីកន្លែងធ្វើចត្តាឡីស័ក។
លុះនៅវេលាម៉ោង ២០:៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យទាំង០២នាក់ រួមនិងរថយន្តមួយគ្រឿង នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។ ក្រោយពីសាកសួរជនសង្ស័យ ឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានសារភាពថា ខ្លួនបានធ្វើការធានាប្តីប្រពន្ធចេញកន្លែងធ្វើចត្តាឡីស័កប្រាកដមែន តែមិនបានយកលុយចំនួន ១លានរៀល ជាថ្នូរក្នុងការធានានោះទេ។ ដោយឡែកនៅចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា ក្នុងករណីនេះ មិនបានពាក់ព័ន្ធនឹងលោកនោះទេ ប៉ុន្តែជនសង្ស័យទាំង០២នាក់នោះ បានក្លែងឯកសារដោយយកឈ្មោះលោកទៅប្រើដោយខុសច្បាប់ ហើយជនសង្ស័យទាំង០២នាក់នេះកំពុងតែអនុវត្តតាមនីតិវិធីច្បាប់ហើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News