30 C
Phnom Penh
Saturday, July 27, 2024

នំបំពង់ខេត្តកំពត កំពុងមានឈ្មោះល្បីពេញទីផ្សារទូទាំងប្រទេស ដោយចាប់ផ្តើមពីការធ្វើចែកគ្នាហូបកាលពីជាង៤០ឆ្នាំមុន តែបច្ចុប្បន្នក្លាយជាសិប្បកម្ម

ស្តាប់អត្ថបទជាសម្លេង

កំពត៖ ម្ចាស់សិប្បកម្មផលិតនំបំពង់យីហោ ស្នាដៃខ្មែរ បានឱ្យដឹងថា កាលពីជាង៤០ឆ្នាំមុន អ្នកភូមិកំពង់គ្រែង ស្រុកទឹកឈូ ធ្វើនំបំពង់សម្រាប់តែចែកគ្នាហូប ឬសម្រាប់សែនព្រេននៅរដូវចូលឆ្នាំចិនតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នក្រោយពីមានការច្នៃប្រឌិតបង្កើនគុណភាព រសជាតិច្រើនមុខ នំបំពង់កំពត កំពុទទួលការនិយមគាំទ្រពីគ្រប់មជ្ឈដ្ឋានទីផ្សារក្នុងប្រទេសកម្ពុជា ហើយទៅថ្ងៃមុខម្ចាស់សិប្បកម្មមានមហិច្ឆតាផលិតដើម្បីនាំចេញទៅលក់នៅលើទីផ្សារប្រទេសជិតខាងថែមទៀតផង។ 

លោក ហេង ហីម ម្ចាស់សិប្បកម្មផលិតនំបំពង់ ដែលមានទីតាំងនៅភូមិកំពង់គ្រែង ឃុំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា គ្រួសារលោកបានចាប់យករបរធ្វើនំបំពង់លក់តាំងពីឆ្នាំ១៩៨០មកម៉្លេះ ពេលនោះម្តាយលោករែកលក់តាមផ្សារ និងតាមទីប្រជុំជន។ បច្ចុប្បន្នលោកបានបន្តអាជីពធ្វើនំបំពង់លក់តពីម្តាយ ដោយឆ្លងកាត់បទពិសោធជាង១០ឆ្នាំ ដោយបានច្នៃប្រឌិតបង្កើនទាំងគុណភាព រសជាតិ និងធ្វើឱ្យការរក្សាទុកបានយូរ រហូតដល់រយៈពេល០២ខែ ព្រមទាំងបង្កើតយីហោនំបំពង់ “ស្នាដៃខ្មែរ” ផងនោះ បានធ្វើឱ្យនំបំពង់គ្រួសារលោកទទួលបានការនិយមគាំទ្របន្តិចម្តងៗ រហូតមានឈ្មោះល្បី និងលក់ក្នុងតម្លៃសមរម្យរហូតមកដល់បច្ចុប្បន្ន។ 

ម្ចាស់សិប្បកម្មបានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពកូវីដ-១៩ គ្រួសាររបស់លោកនៅតែធ្វើនំបំពង់ប្រមាណ ៣០ទៅ៤០គីឡូក្រាមក្នុងមួយថ្ងៃៗជាការធម្មតា ហើយក្នុងមួយខែលោកបានចែកចាយនំធ្វើដោយខ្លួនឯង និងនំប្រមូលទិញពីអ្នកភូមិប្រមាណជាងមួយតោនទៅកាន់ទីផ្សារនានាស្ទើរទូទាំងប្រទេសកម្ពុជា។ ចំពោះតម្លៃវិញ ការលក់ចេញសម្រាប់នំបំពង់លេខ១ រស់ជាតិមួយចំនួនតម្លៃ ៣ម៉ឺន ៥ពាន់រៀល ក្នុងមួយគីឡូក្រាម លើកលែងតែនំបំពង់រសជាតិធុរេន និងខ្នុរ ដែលមានតំលៃ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ទៅថ្ងៃខាងមុខ ប្រសិនបើមានលទ្ធភាពលោកនឹងរកដៃគូដើម្បីធ្វើការពង្រីកទីផ្សារនាំចេញនំបំពង់ ស្នាដៃខ្មែរ ទៅកាន់ទីផ្សារប្រទេសជិតខាងផងដែរ។  

ម្ចាស់សិប្បកម្មផលិតនំបំពង់ ស្នាដៃខ្មែរ បានបញ្ជាក់ឱ្យដឹងដែរថា មុននឹងមានកេរ្តិ៍ឈ្មោះល្បី និងមានការទទួលស្គាល់ទាំងគុណភាព និងរសជាតិ ក្រុមគ្រួសាររបស់លោកបានខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការចម្រាញ់យកគុណភាព និងរសជាតិ ដើម្បីតម្រូវចិត្តអ្នកទទួលទាន ព្រោះនំបំពង់ពិបាកក្នុងការផលិត។ ជាក់ស្តែងកាលពីបរមបុរាណមក ប្រជាពលរដ្ឋតែងតែធ្វើសម្រាប់សែនព្រេននៅពេលចូលឆ្នាំចិនតែប៉ុណ្ណោះ។ 

ទោះយ៉ាងណាក៏ដោយសិប្បកម្មផលិតនំបំពង់ ស្នាដៃខ្មែរ ក៏មិនភ្លេចអរគុណដល់អតិថិជនរបស់ខ្លួនដែលបានជួយគាំទ្រតាំងតែពីសម័យរែកលក់ រហូតដល់បច្ចុប្បន្ន និងបានពង្រីកទីផ្សារចែកចាយស្ទើរពេញប្រទេសទៅហើយនោះ កំពុងមានក្តីសង្ឃឹមថា អតិថិជន និងប្រជាពលរដ្ឋនៅតែបន្តគាំទ្រនំបំពង់ស្នាដៃខ្មែរបន្ថែមទៀត៕ 

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img