26 C
Phnom Penh
Saturday, July 27, 2024

នៅសល់សាកសពជនរងគ្រោះ០២នាក់ទៀត សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្នុងហេតុការណ៍ ឆេះកាស៊ីណូនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៣ នេះថា សាកសពជនរងគ្រោះចំនួន០២នាក់ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត២៦នាក់ សមត្ថកិច្ចនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ នៅរង់ចាំលទ្ធផលធ្វើតេស្ដ DNA។

លោក សិទ្ធិ ឡោះ បានថ្លែងថា៖ «នៅសល់០២នាក់ទៀតយើងរង់ចាំ DNA ព្រោះសពឆេះសុសអស់នៅសល់តែឆ្អឹង យើងកំពុងធ្វើកោសល្យវិច្ច័យ ដើម្បីបង្ហាញអត្តសញ្ញាណជនជាតិ និងប្រភេទឈាម និងអ្វីដែលយើងរកឃើញពីផូស៊ីលទៅតាមបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ»។

គួរបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការនេះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឱ្យដឹងថា ជាមួយនិងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នក របួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។

បើតាមលោកអភិបាលខេត្ត សាកសពអ្នកស្លាប់ក្នុងហេតុ ការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)។

គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃនិងខ្លះទៀតបញ្ជូនទៅ មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រីឯមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img