30 C
Phnom Penh
Saturday, July 27, 2024

នៅព្រឹកនេះ ឥទ្ធិពលព្យុះកុំប៉ាស៊ូ មានសភាពស្ងប់ទៅវិញហើយ នៅតាមតំបន់មាត់សមុទ្រ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ អាជ្ញាធរខេត្តកោះកុង អះអាងថា នៅព្រឹកថ្ងៃទី១៣ តុលា ២០២១ ឥទ្ធិពលព្យុះកុំប៉ាស៊ូ ថមថយការវាយឥទ្ធិពល នៅតាមតំបន់មាត់សមុទ្រ និងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈកាលពីយប់ថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ បានបន្តការបោកបក់គួរឱ្យបារម្ភ នៅតាមតំបន់មាត់សមុទ្រ និងបង្កការជន់លិចផ្លូវ និងផ្ទះពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានអះអាងថា ក្រុងខេមរភូមិន្ទ កាលពីម្សិលមិញបន្ទាប់មានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ផងនោះ បង្កឱ្យមានជំនន់ទឹកភ្លៀង បានជនលិចផ្ទះប្រជាពលរដ្ឋ និងតំបន់មួយចំនួននៅតាមមាត់ឆ្នេរកម្សាន្តនានា បានរងការវាយលុកដោយរលកសមុទ្រខ្ពស់ៗ គួរឱ្យព្រួយបារម្ភ ហើយវាក៏បានស្ងប់ស្ងាត់ទៅវិញនៅព្រឹកនេះដែរ។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តទទួលបន្ទុក គ្រោះមហន្តរាយ បានបញ្ជាក់ថា គិតមកពេលនេះតាមការកត់សម្គាល់ នៅគ្រប់បណ្តាស្រុកនីមួយៗ ហាក់ពុំមានការរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរដូចគ្នា និងថ្ងៃម្សិលមិញដែរ និយាយជារួម ចាប់តាំងពីថ្ងៃដំបូងដែលខ្យល់ព្យុះ កុំប៉ាស៊ូ បានធ្វើការវាយលុក នៅតាមតំបន់មាត់សមុទ្រ ក្នុងក្រុងខេមរភូមិន្ទ និងតំបន់វាលទំនាបក្នុងភូមិសាស្ត្រស្រុកកោះកុង អាជ្ញាធរបានប្រចាំការឃ្លាំមើល២៤ម៉ោង លើ២៤ ម៉ោង ដើម្បីត្រៀមចាំដឹកជញ្ជូនសម្ភារៈ ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មកកាន់ទីទួលមានសុវត្ថិភាព។

បន្ថែមលើនេះទៀត លោកអភិបាលរងខេត្ត នៅតែបន្តតាមដានគ្រប់ស្ថានការណ៍ ប្រសិនបើមានអ្វីជាការកត់សម្គាល់ តាមស្ថានភាពអាកាសធាតុ ប្រែប្រួលបន្ថែមទៀតនោះ លោកនឹងចុះផ្ទាល់ ជាមួយក្រុមការងារជំនាញ ដើម្បីសង្រ្គោះបន្ទាន់ ដល់មូលដ្ឋានប្រជាពលរដ្ឋ។ ចំពោះមុខស្ថានភាពនេះ លោកលោកអភិបាលរងខេត្ត កំពុងជំរុញដល់ក្រុមការងារជំនាញ គ្រប់មូលដ្ឋាន បន្តចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឱ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈ ខ្យល់ព្យុះដែលមានឥទ្ធិពលខ្លាំងក្លានេះ នឹងបន្តកើតមានរហូតដល់ថ្ងៃទី១៩ ខែតុលា ២០២១ខាងមុខនេះ។

សូមបញ្ជាក់ថា ក្រោយពីមេឃភ្លៀងអស់រយៈពេលជាង០២ថ្ងៃ មកនេះ ពុំមានផលប៉ះពាល់ដល់អាយុជីវិត មនុស្ស និងសត្វពាហនៈ នោះទេ ហើយមកដល់ពេលនេះ ខេត្តកោះកុងនៅតែរងនូវស្ថានភាពអួរអ័ព្វ ដោយសារការជះឥទ្ធិពលពីខ្យល់ព្យុះ កុំប៉ាស៊ូ ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសរួចមកហើយនោះដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img