30 C
Phnom Penh
Saturday, July 27, 2024

នៅតាមផ្សារសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការកូវីដ-១៩

ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ លោក គៀង ចក់ បានចាប់ផ្តើមចែកជូនម៉ាសជូនដល់ក្រុមអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារដើមគ និងតាមច្រកនីមួយៗ ដើម្បីបន្តរឹតបន្តឹងវិធានសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ 

ទន្ទឹមនឹងចែកម៉ាស ក៏បានណែនាំឱ្យក្រុមអាជីវករ ត្រូវធ្វើអនាម័យឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តវិធានក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ឱ្យបានជាប្រចាំ ផងដែរ។ ការនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹងវិធានការទប់ស្កាត់កូវវីដ-១៩ ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។

ដោយឡែក នៅឯផ្សារទួលទំពូងឯណោះវិញ ក៏បានសង្កេតឃើញអាជ្ញាធរនាំយកម៉ាសរាប់ពាន់សន្លឹក ធ្វើការចែកជូនដល់ក្រុមអាជីរករ និងអតិថិជនជាការចូលរួមទប់ស្កាត់កូវីដ-១៩បំប្លែងថ្មី អូមីក្រុង។ លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងថា ការចុះចែកម៉ាសនេះ ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(អូមីក្រុង)ឆ្លងក្នុងសហគមន៍ និងបានប្រគល់ម៉ាសចំនួន ៥០០០សន្លឹក ដើម្បីធ្វើការចែកជូនដល់ក្រុមអាជីវករ ក៏ដូចជាអតិថិជនដែលចេញចូលទិញសម្ភារនៅក្នុងផ្សារ។ 

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈវីដេអូ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ប្រភេទ អូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជុំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img