ស្តាប់អត្ថបទជាសម្លេង
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បានបន្ធូរបន្ថយវិធានការបិទខ្ទប់នៅទូទាំងប្រទេសនៅថ្ងៃសុក្រនេះ ប៉ុន្តែអាជីវកម្មនិងសាលារៀននឹងត្រូវបានបន្តបិទ ហើយទីក្រុងអកឡេន (Auckland) ដែលជាទីក្រុងធំបំផុតរបស់គេក៏នឹងត្រូវបានបិទរយៈពេលយូរទៀតផងដែរ។
លោកស្រី អាដឺន បាននិយាយថា វិធានការបិទខ្ទប់នៅទូទាំងប្រទេសនូវែលសេឡង់នឹងត្រូវបានបន្ធូរបន្ថយមួយកម្រិតមកកម្រិតទី៣ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយតទៅ ដោយលើកលែងទីក្រុង អកឡេន (Auckland) និងតំបន់ណសឡេន (Northland) ។
ស្ថិតក្រោមការរឹតបន្តឹងកម្រិតទី៣, អាជីវកម្មអាចដំណើរការបានចំពោះតែសេវាកម្មគ្មានការប៉ះពាល់ (contactless services) ប៉ុណ្ណោះ ខណៈដែលរង្គសាលនិងភោជនីយដ្ឋានត្រូវបានបិទបន្តទៀត។
លោកស្រី អាដឺន បានបន្តថា ទីក្រុង អកឡេន (Auckland) និងតំបន់ណសឡេន (Northland) ដែលនៅជិតគ្នានោះនឹងត្រូវបន្តស្ថិតក្រោមវិធានការបិទខ្ទប់កម្រិតទី៤ប្រហែលជា២សប្តាហ៍ទៀត។
វិធានការនេះគឺដើម្បីកាត់ផ្តាច់ទីក្រុង អកឡេន (Auckland) ដែលជាកន្លែងឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ពីតំបន់ផ្សេងៗទៀតក្នុងប្រទេសនូវែលសេឡង់ចាប់ពីឥលូវនេះ។
ប្រទេសនូវែលសេឡង់បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ចំនួន៧០នាក់នៅថ្ងៃសុក្រនេះ ហើយករណីឆ្លងទាំងអស់នេះត្រូវបានគេរកឃើញនៅក្នុងទីក្រុង អកឡេន (Auckland) ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងអំឡុងពេលផ្ទុះឡើងថ្មីៗនេះកើនដល់៣៤៧នាក់៕
អត្ថបទ និងរូបភាពដោយ Puthinews