នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានបញ្ជាក់ថា ឥឡូវនេះជាពេលវេលាដ៏ល្អមួយ ដើម្បីបើកការចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ស្របពេលរបបយោធានេះកំពុងចុះខ្សោយ។ របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការបះបោរប្រឆាំងពីគ្រប់ជ្រុងនៃប្រទេស ដោយក្រុមសម្ព័ន្ធភាពប្រឆាំងនឹងរបបនេះ បានដណ្តើមកាន់កាប់ប៉ុស្តិ៍យោធានិងទីប្រជុំជនជាច្រើនកន្លែង រួមមានទាំងផ្នែកមួយចំនួននៃតំបន់ប្រជុំជនសំខាន់ នៅ ជិតព្រំដែន ជាមួយប្រទេសថៃ កាលពីចុងសប្តាហ៍។ ការបះបោរប្រឆាំងនេះ គឺជាការប្រឈមដ៏ធំបំផុត សម្រាប់របបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំ២០២១កន្លងមក។ នាយករដ្ឋមន្ត្រីថៃលោកSretthaបានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយនៅឯកោះSamuiប្រទេសថៃកាលពីថ្ងៃអាទិត្យថា របបយោធាមីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងចុះខ្សោយ។ប៉ុន្តែទោះបីជាពួកគេកំពុងចុះខ្សោយ ក៏ពួកគេនៅមានអំណាចនិងសព្វាវុធ។ប្រហែលនេះជាពេលវេលាសម្រាប់ការទាក់ទងពួកគេ និងបង្កើតកិច្ចព្រមព្រៀងមួយ។មីយ៉ាន់ម៉ាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃ ហើយលោកនិងមន្ត្រីថៃដទៃទៀតបាននិយាយជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀតនៅមីយ៉ាន់ម៉ា និងដៃគូអន្តរជាតិនានា រួមទាំងប្រទេសចិន និងអាមេរិកផងដែរ។ ប្រសិនបើមីយ៉ាន់ម៉ាមានការបង្រួបបង្រួម មានសន្តិភាព និងវិបុលភាពប្រទេស ដែលទទួលបានផលប្រយោជន៍ច្រើនបំផុត គឺប្រទេសថៃ៕
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News