26 C
Phnom Penh
Saturday, July 27, 2024

នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ ការចាក់ដូសទី៣ ឬដូសជំរុញ អាចការពារខ្លួនពីវីរ៉ុសកូវីដ-១៩ ប្រភេទអាល់ហ្វា និងដែលតាបាន

  ភ្នំពេញ ៖  តាមការសិក្សារបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសផ្សេងៗទៀត សរុបចំនួន៨ប្រទេស បានបង្ហាញថា ការចាក់ដូសទី៣ ឬដូសជំរុញ ជាមួយនឹងការប្រើប្រាស់វាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា មានប្រសិទ្ធភាព៩៩ភាគរយ និងអាចការពារខ្លួន ពីវីរ៉ុសប្រភេទអាល់ហ្វា និងដែលតាបាន។ នេះបើតាមប្រសាសន៍ លោកទន្តបណ្ឌិត ចាន់ វិចិត្រ នាយករង និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  បានប្រាប់ Puthi News នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខណៈថ្ងៃនេះជាថ្ងៃទី0៦ហើយ ដែលមន្ទីរពេទ្យ កំពុងដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួង-ស្ថាប័នចំនួន១៣។

  ភ្ជាប់ជាមួយនោះ លោកនាយករងមន្ទីរពេទ្យ ក៏បានអំពាវនាវដល់អ្នកដែលគ្រប់លក្ខខណ្ឌ ក្នុងការទទួលបានដូសទី៣ ឬដូសជំរុញ សូមទៅចូលរួមចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរ៉ុសបំប្លែងថ្មីដែលតា និងឆាប់បានវិលត្រឡប់ ទៅដំណើរការប្រក្រតីក្នុងការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗឡើងវិញ ក្នុងពេលខាងមុខនេះ។

  លោក ចាន់ វិចិត្រ បញ្ជាក់ថា បើទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬចាក់វ៉ាក់សាំងដូសជំរុញហើយក្តី ក៏ត្រូវបន្តអនុវត្តវិធានការ “៣ការពារ” (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលក ពីមួយម៉ែត្រកន្លះឡើងទៅ) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរ៉ុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេស ដែលជាយុទ្ធនាការអនុវត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបជូនថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី0៦ ខែកញ្ញា ឆ្នាំ២០២១ ហើយបើតាមការបញ្ជាក់ពីលោក ចាន់ វិចិត្រ ក្នុងមួយថ្ងៃ មន្ទីរពេទ្យអាចចាក់បាន ពី៥០០នាក់ទៅ៦០០នាក់។ លោកបានបន្ថែមថា គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចាក់ដល់មន្ត្រីចំនួន0៤ក្រសួងហើយ ស្មើនឹង២,៤២២នាក់។

  លោក ចាន់ វិចិត្រ បានលើកឡើងដែរថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺជាការគិតគូរយ៉ាងច្បាស់លាស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋ។

  គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានមនុស្សជិត២៨ម៉ឺននាក់ហើយ (២៧៧,៩៧៤នាក់) ដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នេះបើយោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស របស់ក្រសួងសុខាភិបាល៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img