30 C
Phnom Penh
Saturday, July 27, 2024

ធនាគារជាតិនៃកម្ពុជា ប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងរង្វង់៣% នៅឆ្នាំ ២០២១

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំ ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ដែលត្រូវបានគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជំរុញការនាំចេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។

នេះបើតាមការការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ខែមករា ឆ្នាំ ២០២២។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានភាពអំណោយផលពីការរក្សាបានស្ថិរភាពថ្លៃនិងតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញរបស់ប្រជាជន និងរួមចំណែករក្សាជំនឿទុក ចិត្តរបស់វិនិយោគិន។ អតិផរណាត្រូវបានរក្សាក្នុងអត្រា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។

លោកទេសាភិបាលបញ្ជាក់ថា កត្តាចម្បងដែលនាំឱ្យមានអតិផរណា គឺការងើបឡើងវិញនៃថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារនិងថ្លៃទំនិញសំខាន់ៗផ្សេងទៀតបានថយល្បឿន។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានបន្តរងសម្ពាធពីភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចដែលបន្ថយតម្រូវការប្រាក់រៀល ការអនុវត្តនយោបាយសារពើពន្ធក៏ដូចជារូបិយវត្ថុវិត្ថារកម្ម ដែលបង្កើនការផ្គត់ផ្គង់ប្រាក់រៀលក្នុងសេដ្ឋកិច្ច គួបផ្សំនឹងនិន្នាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

លោកបន្តថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង៥០០លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ១%។ ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយប្រសិទ្ធភាព ត្រូវបានគាំទ្រដោយកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលមានកម្រិតស្មើនឹងជាង ៨ខែ នៃការនាំចូលទំនិញនិងសេវា ធៀបនឹងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

សូមជម្រាបថា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២១ នឹងកើនឡើងក្នុងរង្វង់ ៣% និងរង្វង់ ៥%នៅឆ្នាំ ២០២២នេះ ខណៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នឹងកើនឡើងប្រមាណ ២,៨% នៅឆ្នាំ ២០២១ និង ៤,៨% នៅ ឆ្នាំ២០២២នេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img