30 C
Phnom Penh
Saturday, July 27, 2024

ទោះបីក្នុងបរិបទកូវីដ១៩ក្តី តែសិប្បកម្មចម្លាក់ឈើនៅតែអាចផ្តល់ចំណូលប្រសើរជាងមុខរបរផ្សេងៗទៀត

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ចម្លាក់ឈើជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ដាក់តាំងនៅតាមគេហ ដ្ឋាន, ហាងអាជីវកម្ម និងសណ្ឋាគារនានា ខណៈសិប្បកម្មចម្លាក់ឈើអាចផ្តល់ចំណូលល្អប្រសើរជាងមុខរបរមួយចំនួនផ្សេងទៀត និងមិនជួបបញ្ហាប្រឈមអ្វីឡើយ បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក្តី។

លោក អាន សុខថា ម្ចាស់សិប្បកម្មចម្លាក់ឈើមរតកវប្បធម៌ខ្មែរអង្គរ ដែលមានទីតាំងនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដំណើរការប្រកបមុខរបរមួយនេះជិត ២០ឆ្នាំមកហើយ។ លោកបានប្រាប់ឲ្យដឹងថា រោងសិប្បកម្មរបស់លោកទទួលឆ្លាក់ឈើទាំងផ្ទាំងតូច និងធំ ដែលមានរូបរាងជាក្បាច់រចនាផ្សេងៗ តាមបែបរចនាបទសិល្បៈខ្មែរ។ ចម្លាក់ស្ទើរតែទាំងអស់របស់សិប្បកម្មមួយនេះ គឺជាចម្លាក់លៀនផុសរូបចេញមកខាងក្រៅ។

ម្ចាស់សិប្បកម្មចម្លាក់ឈើរូបនេះ បានសង្កត់ធ្ងន់ថា៖ «មកដល់ពេលនេះ ការរីកចម្រើនការងារ ទាំងអតិថិជនដែលគាត់បញ្ជាទិញ ភាគច្រើនគាត់ដាក់តាមផ្ទះ ដាក់ផ្ទះវីឡា ដាក់អូតែល (សណ្ឋាគារ) ភាគច្រើននៅតាមភូមិគ្រឹះផងដែរ។ រីឯសព្វថ្ងៃចម្លាក់ដែលដាច់ជាងគេ គឺរូបអង្គរវត្ត ដឹកស្បៀង និងសវនាការ»។

លោកបានបន្តដឹងទៀតថា អតិថិជន បានដឹកឈើយកមកឲ្យ លោកភាគច្រើននោះ គឺឈើ គគី និងកកោះ ដែលមានទំហំមុខកាត់ជាង ១ម៉ែត្រ និងបណ្តោយជាង ៣ម៉ែត្រ។ ក្នុងមួយខែៗ សិប្បកម្មរបស់លោកបានបញ្ចេញផ្ទាំងចម្លាក់ទៅឲ្យអតិថិជនចន្លោះពី ២ទៅ ៣ផ្ទាំង និងមានតម្លៃចន្លោះពី ២ពាន់ ទៅ ៣ពាន់ដុល្លាអាមេរិក។

លោកបានបន្ថែមថា សព្វថ្ងៃនេះ ការឆ្លាក់មានរយៈពេលខ្លីជាងពេលមុន បើធៀបទៅនឹងរបៀបរបបពីសម័យបុរាណ ដោយសារតែយើងមានឧបករណ៍ និងម៉ាស៊ីនម៉ូទ័រទំនើបៗ។ ដោយឡែក ដើម្បីប្រែក្លាយកំណាត់ឈើទៅជាផ្ទាំងឈើដ៏ស្រស់ស្អាតនោះ លោក អាន សុខថា ត្រូវប្រើកម្លាំងជាងចន្លោះពី ៤ ទៅ ៥នាក់ និងចំណាយពេល ១ខែ ២ខែ ឬ៣ខែ ក្នុងការចម្លាក់ឈើមួយផ្ទាំងនោះ ដោយអាស្រ័យលើរូបតាមខ្នាតតូច និងធំ ទៅតាមជាក់ស្តែង។ រីឯការលើកដាក់ផ្ទាំងឈើធំៗ ត្រូវការកម្លាំងពលកម្មច្រើន។

លោកលើកឡើងថា៖ «ឥឡូវមានភាពងាយស្រួលត្រង់ថា បច្ចុប្បន្ននេះ មានម៉ាស៊ីនជួយជាជំនួយ មិនដូចកាលពីពេលមុននោះទេ ជាងត្រូវប្រើដៃក្នុងការឆ្លាក់សុទ្ធសាទតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីជាយើងប្រើម៉ាស៊ីន តែផ្នែកខ្លះក៏យើងត្រូវប្រើដៃ ដើម្បីឆ្លាក់ក្បាច់របស់វាដែរ»។ ដោយសារតែស្នាដៃរបស់លោកមានទឹកដៃល្អ ទើបធ្វើឲ្យអតិថិជនចាប់ផ្តើមទទួលស្គាល់ និងគាំទ្រសិប្បកម្មចម្លាក់ឈើ មរតកវប្បធម៌ខ្មែរអង្គរ កាន់តែច្រើនឡើងៗ។

ទោះជាយ៉ាងណាក្តី សិប្បកម្មចម្លាក់នេះ ក៏ប្រឈមនូវបញ្ហាបន្តិចបន្តួចដែរ ព្រោះបើធ្វើប្រហែសផ្នែកណាមួយនៃឈើនោះ នឹងធ្វើឲ្យពិបាក ដូច្នេះត្រូវទាមទារអ្នកជំនាញធ្វើការ។ ប្រសិនបើខូចខាតតិចតួច យើងអាចជួលជុលបានដោយប្រើកាវបិទ។

សូមបញ្ជាក់ថា បច្ចុប្បន្នទីផ្សារចម្លាក់ឈើ នៅមានប្រជាប្រិយភាពនៅក្នុងសង្គមខ្មែរ សម្រាប់ការដាក់តាំងលំអរនៅក្នុងគេហដ្ឋាន និងតាមទីតាំងសំខាន់ៗនានា តែបញ្ហាដែរចោទសំខាន់នោះ គឺធនធានជំនាញចម្លាក់ឈើនៅមិនទាន់មានគ្រប់គ្រាន់នៅឡើយ។ ម្ចាស់សិប្បកម្មខាងលើថា ការចាប់យកជំនាញចម្លាក់ឈើអាចរកប្រាក់ចំណូលបានគួរសម និងល្អជាងការប្រកបមុខរបរផ្សេងៗទៀត៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img