ស្តាប់អត្ថបទជាសម្លេង
កំពង់ធំ៖ បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃ បណ្តាលឲ្យទឹកតាមដងស្ទឹងសែនបានហក់ឡើង គួរឲ្យមានការព្រួយបារម្ភ ពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អាចនឹងមានទឹកជំនន់លិចលង់ ប៉ះពាល់ដល់សត្វគោ ក្របី ដំណាំបន្លែបង្ការ នានាៗជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកយោ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ ថាកម្រិតទឹកស្ទឹងសែន ក្នុងព្រឹកនេះ នៅកម្រិត ១៣,៣៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១៣,៥០ម៉ែត្រ។
លោកថា ចំពោះការលិចលង់ស្រូវសែ្រប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ គឺនៅពុំទាន់មាននៅឡើយទេ។ ដោយសារបងប្អូនប្រជាកសិករ គាត់បានប្រមូលផលរួចរាល់អស់ហើយ ទើបពុំបានធ្វើឲ្យមានផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់។
ក្នុងនោះលោកប្រធានមន្ទីរធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ននិងទឹកជំនន់ ព្រោះអាចនឹងមានទឹកជំនន់ ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់ជោគជាំ។
ទន្ទឹងមនឹងនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងពីរបាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញា នេះថា ផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងសរុប ២៥១ហិកតា ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោគចំនួន ២១១ហិកតា ឃុំត្នោតជុំ ស្រុកបារាយណ៍ចំនួន៤០ហិកតា ខូចខាតដោយទឹកជំនន់ទឹកភ្លៀងសរុប១៤ហិកតា នៅឃុំទ្រៀល ស្រុកតាំងគោគ ខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ កម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកម្លាំង ១៥០នាក់ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលផ្តុំកម្លាំងដើម្បីត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ត្រៀមចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលលាក្នុងករណីមានគ្រោះមហន្តរាយ។
សូមជម្រាបថា កំណើននៃទឹកស្ទឹងសែន មានប្រភពហូរមកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកសណ្តាន់ និងទីរួមខេត្តកំពង់ធំ ហូរធ្លាក់ទៅបឹងទន្លេសាប ជារៀងរាល់ឆ្នាំទាល់តែទឹកបឹងទន្លេសាបឡើងច្រាលមកវិញ ទើបបណ្ដាលឲ្យមានទឹកជំនន់ ហើយក្នុងករណីទី២ គឺភ្លៀងធ្លាក់ញឹកញាប់ នៅខេត្តព្រះវិហារ និងនៅតាមបណ្តាស្រុកក៏អាចបណ្ដាលឲ្យទឹកជំនន់នៅផ្នែកខាងលើ ដោយសារការហូរចូលបឹងទន្លេសាបមិនទាន់ និងទឹកជន់ប៉ែកខាងលើនៃថ្នល់ជាតិលេខ៦៕
អត្ថបទ និងរូបភាពដោយ៖ Puthinews