30 C
Phnom Penh
Saturday, July 27, 2024

ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសានចាប់ផ្តើមស្រកចុះជាបណ្ដើរៗហើយ

ស្តាប់អត្ថបទជាសំឡេង

ខេត្តស្ទឹងត្រែង៖ ដោយសារពុំមានភ្លៀងធ្លាក់រយ:ពេល២ទៅ៣ថ្ងៃកន្លងមកនេះ បានធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន នៅក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមស្រកចុះព្រមគ្នាតែម្តង។ នេះបើយោងតាមរបាយការណ៍របស់លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ស្ថានភាពទឹកនៅព្រឹកថ្ងៃទី២១ នេះ ទន្លេមេគង្គទឹកនៅសល់កម្ពស់៨,១០ម៉ែត្រ បើធៀបម្សិលមិញទឹកមានកម្ពស់៨,២០ម៉ែត្រ ដូច្នេះបានស្រកចុះ០,១០ម៉ែត្រ ចំណែកចំណុចប្រកាសអាសន្ន១០,៧០ម៉ែត្រ។ ចំណែកទឹកទន្លេសេសានវិញ ម្សិលមិញទឹកមានកម្ពស់៩,៩០ម៉ែត្រ ហើយព្រឹកនេះទឹកនៅសល់ត្រឹម៩,៥០ម៉ែត្រ បានស្រកចុះ០,៤០ម៉ែត្រ ខណ:ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ។ រីឯទន្លេចុងក្រោយគឺទន្លេសេកុង ម្សិលមិញទឹកមានកម្ពស់១១,១២ម៉ែត្រ ព្រឹកនេះទឹកនៅសល់កម្ពស់១០,៩៨ម៉ែត្រ បានស្រកចុះ០,១៤ម៉ែត្រ ខណ:ប្រកាសអាសន្ន១១,៥០ម៉ែត្រ។

បើតាមលោកប៉ាង ប៉េង បន្តថា ប្រសិនបើពុំមានភ្លៀងធ្លាក់ក្នុងខេត្តស្ទឹងត្រែង និងនៅប្រទេសជិតខាងទេនោះ ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងនឹងបន្តស្រកចុះជាងរៀងរាល់ថ្ងៃ ព្រោះថាទន្លេទាំងនេះមានប្រភពមកពីបណ្តាប្រទេសជិតខាងទាំងនោះ។

បើយោងតាមប្រភពពីអាជ្ញាធរមកបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ប្រទេសវៀតណាមបានបើកទ្វារទឹកវារីអគ្គិសនី ដែលស្ថិតនៅផ្នែកខាងលើ នោះ បានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពក បានរងនូវការលិចលុងនិងខូចខាតផលដំណាំ ព្រមទាំងហេដ្ឋារចនាសម្ពន្ធមានផ្លូវថ្នល់ជាដើម បានដាច់ដោយកន្លែងផងដែរ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img