30 C
Phnom Penh
Saturday, July 27, 2024

ទឹកជំនន់នៅកំពង់ស្ពឺ អាជ្ញាធរស្រុកភ្នំស្រួចជម្លៀសពលរដ្ឋ៤៥គ្រួសារ ចេញពីការលិចលង់

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណ ៤៥គ្រួសារ ដែលរស់នៅក្នុងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ត្រូវបានបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហេីយ បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរខេត្ត ក៏កំពុងយកចិត្តទុកដាក់ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ផងដែរ។

អភិបាលស្រុកភ្នំស្រួច លោក ហ៊ន ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា ភ្លៀងបានធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យលំនៅដ្ឋាន និងហេដ្ឋារចនាសម្ពន្ធ័ក្នុងឃុំមួយចំនួន ត្រូវរងការលិចលង់ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចាក់ចេញពីលំនៅដ្ឋានរកទីទួលសុវត្ថិភាព។ នៅចំពោះមុខប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅក្នុងទំនប់អូរកូនត្រុំ ភូមិអូរកូនត្រុំនៃឃុំត្រែងត្រយឹង បានរងការលិចលង់ធ្ងន់ធ្ងរ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលរស់នៅលើទីទួលនេះ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តក៏បាននាំយកស្បៀងសង្គ្រោះបន្ទាន់ទៅចែកជូនដល់ពួកគាត់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ក្នុងកាលៈទេសៈនៃការលិចលង់នេះ ពលរដ្ឋត្រូវបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ព្រោះសត្វអសិរពិស និងសត្វកាចសាហាវផ្សេងៗវាក៏រត់រកទីទួលសុវត្ថិភាពដូចគ្នា។ ដូច្នេះវាអាចខាំ ឬទិចប្រសិនជាទៅប៉ះពាល់ ឬជាន់វា។ មួយវិញទៀតក៏ត្រូវចូលរួមថែទាំសុខភាពផ្ទាល់ខ្លួនដោយហូបស្អាត ផឹកទឹកឆ្អិន និងគេងក្នុងមុងជាប្រចាំ ដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺ ទឹកជំនន់នៅមិនទាន់មានបញ្ហាចោទនៅឡើយទេ ហើយនេះជាពលរដ្ឋដំបូងគេដែលរងគ្រោះដោយសារតែពួកគាត់រស់នៅក្នុងអាងស្តុកទឹកដែលកសាងឡើងនៅក្នុងរបបប៉ុលពត ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ និងជួសជុលឡើងវិញដោយក្រសួងធនធានទឹកនិងឧតុនិយម៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img