មនុស្សយ៉ាងតិច៩នាក់ត្រូវស្លាប់ នៅក្នុងរលកថ្មីនៃការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានប្រើប្រាស់អាវុធដ៏មានអានុភាព រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រផងដែរ។
តាមសេចក្តីរាយការណ៍ រុស្ស៊ីមិនដែលបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal មានសមត្ថភាពគេចផុតខែលការពារដែនអាកាសទេ ចាប់តាំងពីជម្លោះផ្ទុះឡើង។
ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់នេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់សោះនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
ការវាយប្រហារនេះ ក៏បានកាត់ផ្តាច់ថាមពលដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតរបស់អឺរ៉ុបផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា “អាវុធរយៈចម្ងាយឆ្ងាយតាមផ្លូវអាកាស សមុទ្រ និងដីគោក រួមទាំងប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal ផងដែរបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន”។
យ៉ាងណាមិញ យោធាអ៊ុយក្រែនអះអាងថា ខ្លួនបានបាញ់ទម្លាក់ដោយជោគជ័យនូវមីស៊ីលផ្លោងចំនួន៣៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន៤គ្រឿង។
ប៉ុន្តែអ៊ុយក្រែនក៏បាននិយាយដែរថា ខ្លួនមិនអាចស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៦គ្រាប់បានទេ ហើយក៏មិនអាចបំផ្លាញអាវុធស៊េរីចាស់ជាងនេះ ដូចជាមីស៊ីលប្រឆាំងនាវា Kh-22 និងមីស៊ីលប្រឆាំងយន្តហោះ S-300 បានដែរ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News