បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុក និងមានការចូលរួមពីក្រុមហ៊ុនវិនិយោគក្នុងស្រុក បានរៀបចំទីតាំងលក់ដូរនៅទីផ្សារបូរីត្នោតជួរ ស្ថិតក្នុងភូមិជំនីត ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជូនដល់ក្រុមអាជីវករ បានចូលលក់ដូរឡើងវិញ ដោយបានរក្សាគម្លាតសុវត្ថិភាព ពីទីតាំងមួយទៅទីតាំងមួយទៀត មានប្រវែង៥ម៉ែត្រ ។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ក្នុងពេលដឹកនាំប្រតិភូគណៈអភិបាលខេត្តបាត់ដំបង និងមន្ត្រីតាមមន្ទីរមួយចំនួនក្នុងខេត្ត ដើម្បីចុះពិនិត្យទីតាំងរៀបចំថ្មីសម្រាប់ការលក់ដូរនៅផ្សារបូរីត្នោតជួរនេះដែរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំទីតាំងបានស្អាត និងមានគម្លាតគ្នាល្អ សមស្របនឹងកាលៈទេសៈ ដែលខេត្តបាត់ដំបង កំពុងមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការរៀបចំទីតាំងលក់ដូរ មានរបៀបរៀបរយល្អ ជៀសវាងការផ្ទុះឆ្លងជំងឺកូវីដ-១៩បន្តចូលក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋថែមទៀត ។
តាមរយៈនេះដែរ លោក ងួន រតនៈ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តការចូលរួមអនុវត្តវិធានការសុវត្ថិភាព ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនាពេលខាងមុខ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនឱ្យឆ្លងបន្តទៅមុខទៀត ។
សូមបញ្ជាក់ថា នៅក្នុងពេលដែលអាជ្ញាធរខេត្តបាត់ដំបង បានសម្រេចធ្វើការបិទខ្ទប់ទីផ្សារនានា ដែលមានចំនួនរហូតដល់៥៩ផ្សារ ក្នុងខេត្តបាត់ដំបង ក្នុងនោះមានស្រុកសង្កែផងដែរ ក៏ត្រូវបានធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងហេតុផល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលខេត្តបាត់ដំបង ក៏ដូចជាខេត្តរាជធានីនៃប្រទេសកម្ពុជាកំពុងផ្ទុះឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍ផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News