ស្តាប់អត្ថបទជាសម្លេង
កងកម្លាំងអាមេរិកដែលកំពុងជួយជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់នោះ កំពុងប្រឈមនឹងការវាយប្រហារបន្ថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាមនៅច្រកចូលអាកាសយានដ្ឋានទីក្រុងកាប៊ុលដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៣នាក់រាប់ទាំងទាហានអាមេរិក ១៣នាក់ផង។
លោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកខេនហ្ស៊ី (Frank McKenzie) អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបាននិយាយថា ក្រុមមេបញ្ជាការអាមេរិកកំពុងប្រុងជើងការខ្ពស់ចំពោះការវាយប្រហារដែលអាចកើតមានឡើងបន្ថែមទៀត រាប់ទាំងការវាយប្រហារដោយរ៉ុក្កែត ឬរថយន្តគ្រាប់បែកមកលេីអាកាសយានដ្ឋានទីក្រុងកាប៊ុល។

សាក្សីបាននិយាយថា ការផ្ទុះចំនួន២លេីក រួមនិងការផ្ទុះអាវុធបានធ្វេីឲ្យកក្រេីកតំបន់ខាងក្រៅអាកាសយានដ្ឋានកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នៅក្នុងវីដេអូដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមដោយក្រុមអ្នកកាសែតអាហ្វហ្គានីស្ថាន គេឃេីញមានសាកសពមនុស្សរាប់សិបនាក់រណូករណែលនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។
ក្រុមរដ្ឋអ៊ីស្លាមដែលជាសត្រូវរបស់ក្រុមតាលីបង់ និងប្រទេសលោកខាងលិចបានប្រកាសថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ខ្លួនបានដាក់គោលដៅវាយប្រហារក្រុមអ្នកបកប្រែ និងក្រុមអ្នកដែលសហការជាមួយកងទ័ពអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានសន្យាសងសឹកចំពោះការវាយប្រហារនេះដោយលោកបាននិយាយថា «យើងនឹងតាមរកអ្នកហើយឲ្យអ្នកសងវិញចំពោះអ្វីដែលអ្នកបានធ្វើ»។
ការស្លាប់របស់ទាហានអាមេរិកទាំង ១៣នាក់នៅក្នុងការវាយប្រហារនោះ គឺជាការបាត់បង់ជីវិតទាហានអាមេរិកច្រេីនបំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃសម្រាប់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានគិតចាប់តាំងពីឆ្នាំ ២០១១ មក។
មន្ត្រីសន្តិសុខប្រទេសលោកខាងលិចប្រចាំនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលបាននិយាយថា ការជម្លៀសពលរដ្ឋស៊ីវិលចេញពីទីក្រុងកាប៊ុលត្រូវបានបង្កេីនល្បឿន បន្ទាប់ពីមានការវាយប្រហារនេះដោយជើងហោះហើរបានចេញដំណើរជាប្រចាំ៕



អត្ថបទ និងរូបភាពដោយ Puthinews