ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ គម្រោងUSAID ព្រៃឡង់បៃតង បានឱ្យដឹងថា ទាព្រៃស្លាបស មានចំនួនមិនដល់ ១.០០០ក្បាល នៅលើពិភពលោក វាត្រូវបានគេប្រទះឃើញនៅភាគខាងជើងនៃប្រទេសកម្ពុជាដូចជាក្នុងខេត្តព្រះវិហារ។
សត្វប្រភេទនេះចូលចិត្តរស់នៅតំបន់ដីសើមនៅក្នុងព្រៃបៃតង ព្រៃស្ងួត ឬព្រៃលិចទឹកដែលមានទឹកហូរយឺតៗ ហើយសត្វនេះអាស្រ័យលើប្រហោងដើមឈើចាស់ៗ ដើម្បីធ្វើសំបុក និងភ្ញាស់កូន។ ទាព្រៃស្លាបសក៏ជាសត្វដែលរកស៊ីពេលយប់ដែរ ហើយចំណីអាហាររបស់ពួកវាមានដូចជាគ្រាប់ធុញ្ញជាតិ និងត្រួយរុក្ខជាតិដុះក្នុងទឹក សត្វល្អិត និងត្រីតូចៗ។
ទាព្រៃស្លាបសត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វ ដែលរងគ្រោះជិតផុតពូជនៅក្នុងបញ្ជីក្រហម IUCN។ ចំនួនរបស់វាបន្តថយចុះដោយសារការបាត់បង់ និងការរំខានដល់ជម្រករបស់វានៅតាមតំបន់ទន្លេ ការបរបាញ់ និងយកពងរបស់វាមកធ្វើជាចំណីអាហារជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នគម្រោងUSAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសត្វនេះ ក៏ដូចជាសត្វដែលរងគ្រោះជិតផុតពូជទាំងអស់ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News