26 C
Phnom Penh
Saturday, July 27, 2024

ថៃ ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹមចន្លោះពី ០,៧ទៅ ១,២% នៅឆ្នាំនេះ

ថៃ៖ អង្គភាពផែនការរបស់រដ្ឋាភិបាល បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនជាលើកទី ៣ មកនៅត្រឹម ០,៧ ទៅ១,២% នៅឆ្នាំនេះ ដោយសារស្ថានភាពការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ ដែលបង្កផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) របស់ថៃ លោក Danucha បាននិយាយថា សេដ្ឋកិច្ចមិនទាន់ធ្លាក់ចូលក្នុងវិបត្តិនោះទេ ប៉ុន្តែវាបានបាត់បង់សន្ទុះកំណើនចាប់តាំងពីរលកទី ៣ នៃការផ្ទុះឡើងកាលពីខែមេសា។

លោកបាននិយាយថា កត្តាហានិភ័យសម្រាប់សេដ្ឋកិច្ចនៅឆ្នាំនេះនៅតែមានអត្រាខ្ពស់នៃការឆ្លងថ្មី និងការពន្យារពេលនៃការចែកចាយវ៉ាក់សាំង ក៏ដូចជាប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី។

អង្គភាពផែនការរបស់រដ្ឋាភិបាល បានផ្អែកលើការព្យាករណ៍កំណើនរបស់ខ្លួនលើសេណារីយ៉ូចំនួនបីគឺ ០,៧% ; ១% និង ១,២%។

ក្រសួងហិរញ្ញវត្ថុថៃ កាលពីដើមឆ្នាំ ២០២១នេះ បានព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន នឹងកើនក្នុងរង្វង់ ២,៨ភាគរយ សម្រាប់ឆ្នាំនេះ ប៉ុន្តែក្រោយមកបានទម្លាក់ការព្យាករណ៍នេះ មកនៅត្រឹម ២,៣ភាគរយ ដោយសារការផ្ទុះឡើងនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ រលកថ្មី នៅក្នុងប្រទេសកំពុងកើនឡើង។

NESDC រំពឹងថា តម្លៃនៃការនាំចេញទំនិញ និងការវិនិយោគឯកជន នឹងមានសារៈសំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ ការនាំចេញត្រូវបានព្យាករណ៍ថា នឹងកើនឡើង ១៦,៣% នៅឆ្នាំនេះ កើនឡើងពីកំណើន ១០,៣% នៅក្នុងការព្យាករណ៍កាលពីខែឧសភា ដោយការវិនិយោគឯកជនកើនឡើង ៤,៧% នៅឆ្នាំនេះ កើនឡើងពី ៤,៣% នៅក្នុងការព្យាករមុននេះ៕

អត្ថបទ នឹងរូបភាព Puthi news

អានបន្ត

spot_img