30 C
Phnom Penh
Saturday, July 27, 2024

ថៃនឹងអនុញ្ញាតឲ្យចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញនៅក្នុងតំបន់ដែលមានហានិភ័យជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

អាជ្ញាធរអាកាសចរណ៍ថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសថៃនឹងអនុញ្ញាតឲ្យចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញទាំងទៅនិងមកពីទីក្រុងបាងកកនិងតំបន់មានហានិភ័យខ្ពស់ផ្សេងទៀតចាប់ពីថ្ងៃទី០១ ខែកញ្ញាដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅក្នុងខេត្តចំនួន២៩ដែលមានហានិភ័យឆ្លងខ្ពស់នៃជំងឺកូវីដ-១៩ចាប់ពីខែក្រោយដោយរួមទាំងការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តនិងបើកផ្សារទំនើបឡើងវិញ ខណៈដែលរដ្ឋាភិបាលថៃបានព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជើងហោះហើរក្នុងស្រុកអាចផ្ទុកអ្នកដំណើរបានរហូតដល់៧៥% ហើយអ្នកដំណើរនឹងចាំបាច់ត្រូវធ្វើតាមលក្ខខណ្ឌនៃការធ្វើដំណើរនៅពេលទៅដល់គោលដៅដូចជាបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងលទ្ធផលតេស្តិ៍ជំងឺកូវីដ-១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបន្តថា ជើងហោះហើរទៅតំបន់ដែលស្ថិតក្រោមផែនការបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញក៏នឹងត្រូវបានអនុញ្ញាតផងដែរ។

វិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅពេលដែលរលកឆ្លងដ៏អាក្រក់នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃបានបង្ហាញសញ្ញាថមថយខ្លះបន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនដល់ជាង២៣,០០០នាក់កាលពីដើមខែនេះក្នុងគ្រាដែលមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន១៥,៩៧២នាក់និងករណីបាត់បង់ជីវិតចំនួន២៥៦នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img