26 C
Phnom Penh
Saturday, July 27, 2024

ថៃកាត់បន្ថយបំណុលគ្រួសារដែលមានទំហំ ៤៦៩ពាន់លានដុល្លារ

ធនាគារកណ្តាលថៃបានបង្ហាញវិធានការជាបន្តបន្ទាប់ដើម្បីចាប់ផ្តើមការប្រយុទ្ធប្រឆាំងរយៈពេលវែងរបស់ខ្លួនទៅនឹងបំណុលគ្រួសារជិត ១៦ពាន់ពាន់លានបាត (៤៦៩ពាន់លានដុល្លារ) ដែលជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ស្រង់សម្ដីទេសាភិបាលរងធនាគារកណ្តាលថៃលោក Ronadol Numnonda ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ធនាគារកណ្តាលថៃនឹងចាប់ផ្តើមអនុវត្តវិធានការមួយចំនួនចាប់ពីឆ្នាំក្រោយនេះ ខណៈដែលជំហានដ៏ស្មុគស្មាញជាងនេះផ្សេងទៀតដូចជាការកំណត់តម្លៃផ្អែកលើហានិភ័យ និងការប្រើប្រាស់អនុបាតសេវាធៀបនឹងបំណុលដើម្បីវាយតម្លៃអ្នកខ្ចីនឹងទំនងចូលជាធរមាននៅពេលក្រោយ។

លោក Ronadol បានមានប្រសាស៍ថា៖ «អ្វីដែលសំខាន់បំផុតគឺការកែសម្រួលឥរិយាបថរបស់អ្នកឱ្យខ្ចី និងអ្នកខ្ចី ដើម្បីធានាថា យើងមានគុណភាពបំណុលល្អ និងកាត់បន្ថយកម្រិតបំណុលក្នុងរយៈពេលវែង» ។ លោកបន្ថែមថា៖ «យើងមិនអាចប្រើវិធានការខ្លាំងដើម្បីទាញកម្រិតបំណុលឱ្យធ្លាក់ចុះឱ្យបានលឿនរហ័សនោះទេព្រោះវានឹងមានផលប៉ះពាល់អវិជ្ជមាន» លើសេដ្ឋកិច្ច។

ធនាគារកណ្តាលថៃមានគោលបំណងកាត់បន្ថយបំណុលគ្រួសារជាសន្សឹមៗមកត្រឹម ៨០% នៃផលិតផលក្នុងស្រុកសរុបពីប្រហែល ៩០,៦% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសធំៗនៅអាស៊ី។ ថៃកំពុងពន្លឿនកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់បំណុល នៅពេលដែលអត្រាការប្រាក់កើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីឆ្នាំ ដែលបង្កើនហានិភ័យក្ស័យធនសម្រាប់ក្រុមពលរដ្ឋដែលងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រាដែលមានការងើបសេដ្ឋកិច្ចឡើងវិញមិនមានតុល្យភាព។

ប្រហែលមួយភាគបីនៃប្រជាជនថៃជំពាក់ប្រាក់សរុបចំនួន ១៥,៩៦ពាន់ពាន់លានបាតដល់ស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការ ហើយប្រមាណ ១ពាន់ពាន់លានបាតបានខ្ចីពីអ្នកផ្តល់កម្ចីក្រៅផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img