30 C
Phnom Penh
Saturday, July 27, 2024

ថវិកាជិតស្មើនឹង ៤៤មុឺនដុល្លារ ត្រូវបានអង្គភាពបញ្ជាការដ្ឋានអង្គរក្ស យករថយន្ត៥៦គ្រឿង អនុវត្តកាតព្វកិច្ចបង់ពន្ធ និងអាករ នាំចូល បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវអនុសាសន៍ និងបទបញ្ជាខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចប្រមូលរថយន្ត ដែលជាកម្មសិទ្ធផ្ទាល់ របស់អង្គភាពបញ្ជាការដ្ឋានអង្គរក្ស មកអនុវត្តកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលទាំង៥៦គ្រឿង តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរង និងជាស្នងការស្នងការដ្ឋានសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានអង្គរក្ស បានប្រាប់ឲ្យដឹងថា រថយន្តទាំង៥៦គ្រឿងនេះ បានមកពីការ ជួយឧបត្ថម្ភជាអំណោយរបស់សប្បុរសជន ដល់បញ្ជាការដ្ឋានអង្គរក្ស សម្រាប់ចុះបំពេញភារកិច្ចនៅគ្រប់រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ លោកបន្ថែមថា បើក្រឡេកមើលមួយភ្លេត ហាក់បីដូចជារថយន្តទាំងោះនៅមានភាពថ្មីស្រឡាង ប៉ុន្តែតាមពិតរថយន្តទាំងនោះ មួយចំនួនបានប្តូរម៉ាស៊ីន បាញ់ថ្នាំ២-៣ដង រួចទៅហើយ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា យោងតាមប្រសាសន៍របស់ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រោយពីបានទទួលបង្កាន់ពន្ធនាំចូលស្របច្បាប់ហើយ, ឯកឧត្តម នឹងធ្វើពាក្យទៅអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើសុំធ្វើបណ្ណសំគាល់យានយន្ត និងស្លាកលេខស៊ីវិល សម្រាប់បំពាក់លើរថយន្តទាំង៥៦គ្រឿងនេះ ព្រមទាំងអនុវត្តការបង់ពន្ធផ្លូវប្រចាំឆ្នាំ តាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារផងដែរ។
បើតាមលោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលបានដឹកនាំក្រុមមន្ត្រី ទៅបិទលតប័ត្រលើកញ្ចក់រថយន្ត ដើម្បីសម្គាល់លើរថយន្តទាំងអស់នោះ ថាមានពន្ធ និង អាករនាំចូលស្របច្បាប់ ព្រមទាំងយកបង្កាន់ដៃពន្ធនិងអាករ មកប្រគល់ជូនដល់ទីបញ្ជាការដ្ឋានអង្គរក្សនោះ, បានប្រាប់ឲ្យដឹងថា ចំណូលពីការបង់ពន្ធ និងអាករនាំចូល លើរថយន្តទាំង៥៦គ្រឿងនេះ មានចំនួនជិត៤៤ម៉ឺនដុល្លារអាមេរិក។

លោកប្រធានសាខាគយរាជធានី ក៏បានអំពាវនាវ ដល់ម្ចាស់រថយន្តមិនទាន់បង់ពន្ធ និងអាករនាំចូល ទាំងចង្កូតឆ្វេងនិងស្តាំទាំងអស់ សូមរួសរាន់ទៅបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការបន្ថយតម្លៃបង់ពន្ធ១០ភាគរយ ខណៈចាប់ពីឆ្នាំ២០២២តទៅ នឹងត្រូវបង់ពេញ១០០ភាគរយ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img