30 C
Phnom Penh
Saturday, July 27, 2024

ត្រៀមទទួលភ្ញៀវទេសចរដើរកម្សាន្តនាថ្ងៃឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

កំពត៖  ក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត  បានថមថយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍  ភ្ញៀវទេសចរបានទៅលេងកម្សាន្តតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅ  គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរបានទៅសម្រាកកម្សាន្តនៅក្នុងខេត្តកំពត មានចំនួន ២៤.៧៣២នាក់ កើនឡើងប្រមាណ ៧ភាគរ  ធៀបនឹងសប្តាហ៍មុន។

ទន្ទឹមនឹងនេះ  មន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត  បានវាយតម្លៃថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរ នឹងមានកំណើនច្រើន  ព្រោះជារៀងរាល់ឆ្នាំខេត្តកំពត  ជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។ ការនេះមន្ទីរទេសចរណ៍ បានរៀបចំក្រុមការងាររបស់មន្ទីរ ចុះត្រួតពិនិត្យនៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត ក្នុងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុវត្តិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលព្រមទាំងការអនុវត្តសារាចរណែនាំប្រមុខរាជរដ្ឋាភិបាលផង ដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតរបស់មន្ត្រីទេសចរណ៍នាពេលកន្លងមក នៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ភ្ញៀវទេសចរភាគច្រើន  បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជាង៩០ភាគរយហើយ  និងបានប្រកាន់ខ្ជាប់នូវវិធានសុវត្តិភាពជានិច្ច ដោយមិនភ្លេចអាល់កុល ឬជែល និងវាស់កំដៅមុនពេលចូលក្នុងរមណីដ្ឋាន ឬកន្លែងកម្សាន្ត និងមានការរក្សាគម្លាតសុវត្តិភាពបានល្អ។

ចំណែកនៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានា បានរៀបចំនូវវិធានសុវត្តិភាពដល់ភ្ញៀវទេសចរដូចគ្នា ដែលភ្ញៀវទេសចរទៅកម្សាន្តទាំងអស់មុនចូល  ត្រូវបាញ់អាល់កុល និងវាស់កំដៅ ហើយបុគ្គលិក និងអ្នកដែលបម្រើការក្នុងរមណីដ្ឋាន និងកន្លែងកម្សាន្ត  តម្រូវឱ្យមានការពាក់បង្ហាញប័ណ្ណចាក់វ៉ាក់សាំងគ្រប់ពេល ដើម្បីឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការចូលលេងកម្សាន្ត។ 

ចំពោះការរៀបចំសណ្តាប់ធ្នាប់  សន្តិសុខសាធារណៈ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ស្នងការដ្ឋាននគរបាលខេត្តកំពត  បានបង្កើតក្រុមវេណប្រចាំបញ្ជាពិសេស ដើម្បីការពារសន្តិសុខជូនដល់ភ្ញៀវទេសចរ និងបានត្រៀមរួចជាស្រេចនូវកម្លាំងនគរបាលចរាចរណ៍ក្នុងការរៀបចំសម្រួលចរាចរណ៍ជូនដល់ភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តកំពត នាឱកាសបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img