ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តសកម្មភាពទទួលទិញផ្លែតាង៉ែន និងមៀនក្រអូមវគ្គទី២ ដោយទទួលទិញផ្ទាល់នៅព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង ដែលក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រុមការងារប្រមូលទិញតាង៉ែន និងមៀនក្រអូបរបស់សម្តេចតេជោ ទាំងនៅនៅតាមមូលដ្ឋាន និងទិញនៅស្នាក់ការកណ្តាលព្រលានយន្តហោះវាលបែកចាននៃខេត្តបាត់ដំបង បានជាង៥០តោនហើយ ។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការចុះប្រមូលទិញផ្លែតាង៉ែន និងមៀនក្រអូបពីប្រជាកសិករនៅក្នុងវគ្គទី២នេះ ធ្វើឡើងតាមភាពចាំបាច់របស់កសិករដាំដំណាំទាំង២ប្រភេទនេះ ដែលនៅសេសសល់ពីការប្រមូលទិញនៅវគ្គទី១ ដោយសារតែបញ្ហាកង្វះទីផ្សារក្នុងការនាំចេញ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានវាយប្រហារទីផ្សាររបស់កសិករនៅប្រទេសជិតខាង ។
លោកបានចាត់ទុកថា ការប្រមូលទិញផ្លែតាង៉ែន និងមៀនក្រអូប នាពេលនេះ គឺជាការបង្ខិតទីផ្សារកសិផលឱ្យនៅកៀកជិតនឹងកសិករដាំមៀនក្រអូប និងតាង៉ែន ដែលកំពុងជួបនឹងកង្វះខាតទីផ្សារនាំចេញ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេចទទួលទិញផ្លែមៀនក្រអូប និងផ្លែតាង៉ែនពីប្រជាកសិករ ដើម្បីជួយសម្រួលដល់ការខាតបង់ថ្លៃដើមផលិតបានមួយផ្នែកធំ ក៏ដូចការជួយជំរុញលើកទឹកចិត្តឱ្យកសិករខិតខំដាំដុះបន្តទៀតផងដែរ ។ លោកបានបញ្ជាក់ថា នៅវគ្គទី២នេះ ក្រុមការងារទទួលទិញផ្លែតាង៉ែន និងមៀនក្រអូប ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បន្តពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោដែលបានចុះមកទិញផ្លែតាង៉ែននិងមៀនក្រអូបនៅខេត្តបាត់ដំបងអស់រយៈពេលជាងពីរសប្តាហ៍រួចមកហើយ ។
លោក សឿម ប៊ុនរិទ្ធិ បានចាត់ទុកថា នេះគឺបានបង្ហាញពីក្តីកង្វល់ទឹកចិត្តអាណិតអាសូរនិងក្តីស្រឡាញ់របស់សម្តេចទាំងទ្វេរចំពោះប្រជាពលរដ្ឋ ដែលបានជួបនូវការលំបាក ជាពិសេសប្រជាកសិករម្ចាស់ចំការដំណាំតាង៉ែន និងមៀនក្រអូប ដែលកំពុងជួបនឹងបញ្ហារកទីផ្សារនាំចេញពុំបាន ។
ក្នុងនាមក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង លោកអភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាកសិករជាម្ចាស់ចំការ ដែលដល់ពេលវេលាត្រូវប្រមូលផលផ្លែតាង៉ែន និងមៀនក្រអូបនៅតាមមូលដ្ឋានស្រុក ឃុំនានាក្នុងខេត្ត សូមរួសរាន់ប្រមូលផលយកមកលក់នៅសាលាស្រុករតនមណ្ឌល និងនៅទីស្នាក់ការព្រលានយន្តហោះវាលបែកចាន តាមការកំណត់របស់ក្រុមការងារព្រោះទីផ្សារផ្លែតាង៉ែននិងមៀនក្រអូបបានមកដល់មូលដ្ឋានរបស់កសិករហើយ។ ជាមួយនេះ សូមស្នើឱ្យអាជ្ញាធរមូលដ្ឋានស្រុក ឃុំ បន្តជំរុញ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាកសិករយើងនៅតាមចម្ការនីមួយៗ ដែលត្រូវប្រមូលផលផ្លែតាង៉ែន និងមៀនក្រអូបនាពេលនេះ បានជ្រាបជាដំណឹងគ្រប់ច្រកល្ហកទាំងអស់ កុំបីអាក់ខានឡើយ ៕
អត្ថបទ និងរូបភាពដោយ Puthi News